សេចក្តី​ប្រកាស​ព័ត៌មាន

WFP និង CACC ចាប់ផ្តើមគម្រោង​ដែល​មានទឹកប្រាក់ទំហំ​៣លានដុល្លារអាមេរិក ដើម្បីបង្កើនប្រាក់ចំណូល សន្តិសុខស្បៀង​ និងអាហារូបត្ថម្ភ​​សម្រាប់​កសិករ​ខ្នាតតូច

08 May 2023

ភ្នំពេញ៖ កម្មវិធីស្បៀងអាហារពិភពលោក​របស់អង្គការសហប្រជាជាតិ (WFP) សហការជាមួយ​សាជីវកម្ម​សហគមន៍​កសិកម្ម​កម្ពុជា (CACC) កំពុងចាប់ផ្តើមគម្រោងថ្មីមួយ​ដែល​សំដៅ​ផ្តោតលើ​កសិករខ្នាតតូច​ជាង ១២០០នាក់ និងក្រុម​គ្រួសារ​​របស់ពួកគាត់​ នៅក្នុង​ស្រុក​កោះញែក ខេត្តមណ្ឌលគិរី ​ភាគឦសាន​​ប្រទេស។

គម្រោង​នេះ​ទទួល​បាន​​មូលនិធិពី​កម្មវិធីកសិកម្ម​និងសន្តិសុខស្បៀងសកល​ចំនួន 1.79លានដុល្លារ​ និងពី CACC ចំនួន​ 1.1លាន​ដុល្លារ ក្នុង​​គោលបំណងលើកកម្ពស់ភាពធន់ និងជីវភាពរបស់កសិករខ្នាតតូចតាមរយៈ​កសិកម្មសរីរាង្គ និង​លទ្ធភាព​ចូល​ទៅកាន់ទីផ្សារ។ គម្រោង​នេះ​​ក៏​មានបំណង​​លើកកម្ពស់អាហារូបត្ថម្ភ និងសមភាពយេនឌ័រ​ផងដែរ តាមរយៈវិធីសាស្រ្តផ្លាស់ប្តូរ​ឥរិយាបថ​​សង្គម ដែលត្រូវបានរៀបចំ​ឡើងដើម្បីជំរុញឱ្យ​មាន​តម្រូវការ​របបអាហារ​សុខភាព និងទប់ទល់​ជាមួយ​ទម្លាប់​​សង្គម​ដែលបង្កគ្រោះថ្នាក់។

“គម្រោងនេះត្រូវបានគ្រោង​រៀបចំ​ឡើងក្នុងបរិបទ​កូវីដ​-១៩ ​ដោយប្រើ​វិធីសាស្រ្ត​ច្នៃប្រឌិត ដែល​កសាង​ភាពជាដៃគូរវាង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​អ្នកផលិត ​ដោយផ្ដោត​ជាសំខាន់​នលើ​​ភាពចាំបាច់​ក្នុង​ការទាញប្រយោជន៍​ពី​ការបណ្ដាក់ទុន​លើវិស័យ​ឯកជន ​ពង្រឹងកិច្ចសន្ទនា​ផ្នែក​គោលនយោបាយ ធានានូវចំណេះដឹងចាំបាច់ និងគាំទ្រដល់​ការ​អភិវឌ្ឍ​ដែល​គិតគូរ​ដល់​បរិស្ថាន សមធម៌​សង្គម និង​សេដ្ឋកិច្ច” លោក​ស្រី គ្លែរ កូណាន់ អ្នកតំណាង​​របស់​ WFP ​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ដូច្នេះ។

CACC នឹងបង្កើតខ្សែច្រវ៉ាក់​តម្លៃអាហារ​សរីរាង្គ​មួយ​ដែល​ប្រកប​ដោយ​បរិយាប័ន្ន និងលើកទឹកចិត្តកសិករខ្នាតតូច រួមទាំងស្ត្រី​និងជនជាតិដើមភាគតិច ឱ្យប្តូរមក​អនុវត្ត​​កសិកម្មសរីរាង្គដោយប្រើតែជី​និងថ្នាំកម្ចាត់សត្វល្អិត​ធម្មជាតិ និងការអនុវត្ត​​ដទៃទៀតដែលឆ្លើយតបនឹងការប្រែប្រួល​​​​អាកាសធាតុ។ ​

“តម្លៃអាហារសរីរាង្គមានតម្លៃល្អ​ និងមានស្ថិរភាពជាង​តម្លៃ​ទំនិញ​ដែល​ផលិតទៅតាម​ទម្លាប់។ វា​មាន​​ឱកាស​ចំណេញខ្ពស់ និងមាន​ស្ថិរភាពចំណូល” លោក កាន់ គន្ធី នាយកប្រតិបត្តិ CACC បាន​មានប្រសាសន៍យ៉ាងដូច្នេះ ហើយ​លោក​​​កត់សម្គាល់ថា កសិករខ្នាតតូចក្នុងខេត្តមណ្ឌលគិរី ច្រើន​​​ដាំដុះ​តែ​ស្រូវ ហើយភាគច្រើន​ធ្វើ​​សិកម្ម​វិលជុំ​បែបប្រពៃណី ដែល​​ងាយរងគ្រោះដោយសារអាកាសធាតុ និងវិបត្តិផ្សេងៗ។

លោក គន្ធី​ បានបន្ថែមថា "គោលដៅរបស់យើងគឺដើម្បីបង្កើនប្រាក់ចំណូល​របស់កសិករដែលចូលរួម ឱ្យ​បាន​រហូតដល់ ២០​ភាគរយ ​ធៀប​នឹង​ប្រាក់ចំណេញ​របស់​កសិកម្ម​ធម្មតា" ហើយលោក​ក៏​​បញ្ជាក់​​ថា CACC នឹងជួយសម្របសម្រួល​​ទំនាក់ទំនង​​​ទីផ្សារ ហើយកសិករនឹងអាចប្រើប្រាស់​ចំណូល​របស់​ខ្លួន​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​វិបត្តិ​ផ្សេងៗដែលអាចកើតមាន​នា​ពេល​អនាគត។

លោកស្រី កូណាន់ មានប្រសាសន៍​ថា "កំណើន​ប្រាក់ចំណូល​នឹងដើរតួយ៉ាងសំខាន់ក្នុងការ​​សម្រួល​ឱ្យ​មាន​អាហារូបត្ថម្ភ​កាន់តែប្រសើរ នៅពេលដែល​ក្រុម​​គ្រួសារពួកគាត់​​អាចទទួលបានអាហារសុខភាព​​​ចម្រុះ​ ​អាច​ទប់ទល់​នឹង​ផល​អវិជ្ជមាន​ផ្នែក​​អាហារូបត្ថម្ភដែល​កើត​មាន​លើ​​ក្រុម​គ្រួសារ​ពួកគាត់" ហើយ​លោកស្រី​ក៏​​សម្គាល់​ផងដែរ​ថា ជីវភាព និងអាហារូបត្ថម្ភមាន​សារៈសំខាន់​ណាស់ ​ដោយសារ​តំបន់​គោលដៅ​នេះ​មាន​កម្រិតនៃភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភខ្ពស់​។

“ដើម្បីដោះស្រាយបញ្ហាទាំងនេះ គម្រោងនេះនឹង​ប្រើប្រាស់​ការប្រាស្រ័យទាក់ទង​ដើម្បី​ផ្លាស់ប្តូរឥរិយាបថ​​សង្គម ដើម្បី​កែប្រែ​ទម្លាប់​ពាក់ព័ន្ធ​នឹង​ឥរិយាបថអាហារ និងសមភាពយេនឌ័រក្នុងគ្រួសារ”លោកស្រី កូណាន់ បាន​លើកឡើង​ដូច្នេះ និង​បាន​បញ្ជាក់ថា ​ការចូលរួមរបស់ស្ត្រីនៅក្នុងគម្រោងគឺជាគន្លឹះ​ដ៏សំខាន់ ពី​ព្រោះនៅកម្ពុជា ស្ត្រីដើរតួ​នាទី​នាំមុខ​​ក្នុង​ការ​ចាត់ចែង​​ស្បៀងអាហារ​គ្រួសារ និងមានចំណែក​​ជាងពាក់កណ្តាលនៃកម្លាំងពលកម្ម​​ផ្នែក​កសិកម្មនៅទូទាំងប្រទេស ថ្វីត្បិត​តែ​ពួកគាត់​​ប្រឈមមុខ​នឹងការលំបាកជាច្រើន​ពាក់ព័ន្ធ​នឹង​​ការទទួលបានដីធ្លី សេវាកសិកម្ម សេវាហិរញ្ញវត្ថុ ទីផ្សារ និងបច្ចេកវិទ្យាក៏ដោយ។

#​     ​   #​    ​#

 

កម្មវិធីស្បៀងអាហារពិភពលោកនៃ​អង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេ​បំផុតនៅលើ​ពិភពលោក ដែលជួយ​សង្គ្រោះ​ជីវិតមនុស្ស​ក្នុងគ្រាអាសន្ន និងប្រើ​ជំនួយ​ស្បៀងអាហារ ជាវិធី​​កសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជន​ដែលបាន​​ឆ្លង​កាត់​​ជម្លោះ គ្រោះមហន្តរាយ និងផលប៉ះពាល់នៃ​ការប្រែប្រួលអាកាសធាតុ។

 

តាមដានព័ត៌មានអំពី​សកម្មភាព​របស់​កម្មវិធី​ នៅ​លើ​បណ្ដាញ ធ្វីតធ័រ @wfp_media

Chou_WFP

Chou Chea

WFP
មន្រ្តីទំនាក់ទំនង និងរបាយការណ៍

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

WFP
កម្មវិធីស្បៀងអាហារពិភពលោកសហប្រជាជាតិ

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ