រឿងស្ត្រីខ្មែរម្នាក់ដែលត្រូវបានផ្តល់អំណាចដោយចំណេះដឹងច្បាប់ការងារ និងការបណ្តុះបណ្តាលជំនាញសម្រាប់ឱកាសការងារសមរម្យ
យុវជនកម្ពុជាប្រឈមមុខនឹងបញ្ហាមួយចំនួនក្នុងវិស័យការងារ ដោយសារតម្រូវការការងារខ្ពស់ និងការផ្គត់ផ្គង់នៅមានកម្រិត ក៏ដូចជាកង្វះខាតនូវជំនាញចាំបាច់ និងការអប់រំ។ យុវជនជាច្រើនត្រូវចាប់ផ្តើមធ្វើការបន្ទាប់ពីបញ្ចប់វិទ្យាល័យ ដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុ ហើយជារឿយៗពួកគាត់មិនដឹងពីច្បាប់ការងារ ដែលធ្វើឱ្យពួកគេងាយរងគ្រោះទៅនឹងការកេងប្រវ័ញ្ច។ រឹទ្ធ ទាវ បានរៀនពីសិទ្ធិនៅកន្លែងធ្វើការ នៅពេលដែលនាងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិយុវជននៅកន្លែងធ្វើការសម្រាប់សហគ្រិនវ័យក្មេងដែលផ្តល់ដោយអង្គការអន្តរជាតិផ្នែកការងារ (ILO)។ កម្មវិធីនេះគឺជាផ្នែកមួយនៃកម្មវិធីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា (DEY) ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រយុវជនកម្ពុជាឱ្យទទួលបានឱកាសការងារសមរម្យ និងផលិតភាព។
ក្នុងទស្សវត្សរ៍ឆ្នាំ ២០១០ ទាវ រំភើបចិត្តក្នុងការទទួលបានការងារដំបូងជានារីបម្រើការនៅភោជនីយដ្ឋានក្នុងស្រុកមួយក្នុងក្រុងសៀមរាប ប៉ុន្តែនាងបានចុះកិច្ចសន្យាការងារដោយមិនបានអានកិច្ចសន្យានោះទេ ព្រោះការភ័យ និងខ្វះការយល់ដឹងផងនោះ។ បទពិសោធន៍នេះនៅតែជារឿងធម្មតាសម្រាប់យុវជនជាច្រើនក្នុងប្រទេសកម្ពុជា នៅពេលដែលពួកគេត្រូវបានជ្រើសរើសឱ្យធ្វើការ។
«ជាធម្មតា យើងមិនខ្វល់ពីកិច្ចសន្យាការងាររបស់យើងទាល់តែសោះ ទោះបីជាយើងដឹងថាវាសំខាន់ក៏ដោយ ខ្ញុំមិនខ្វល់ក្នុងការអានអ្វីគ្រប់យ៉ាងនៅក្នុងកិច្ចសន្យា ដូចជាលក្ខខណ្ឌ តម្រូវការ អ្វីដែលខ្ញុំទទួលបាន និងអ្វីដែលខ្ញុំមិនទទួលបាន។ ខ្ញុំមិនដែលដឹងទេ ហើយខ្ញុំបានគិតថា និយោជកជាអ្នកសម្រេចគ្រប់យ៉ាង» ការលើកឡើងរបស់ទាវ ដោយឆ្លុះបញ្ចាំងពីគំនិតរបស់នាងកាលពេលដែលនាងចុះកិច្ចសន្យាដំបូងៗ។
សព្វថ្ងៃ រឹទ្ធ ទាវ មានអាយុ២៨ឆ្នាំ ជាអ្នកមើលការខុសត្រូវសង្គម និងជាគ្រូបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចមួយក្នុងខេត្តសៀមរាប។ នាងបង្រៀនសិក្ខាកាមវ័យក្មេងនូវជំនាញបដិសណ្ឋារកិច្ច និងជំនាញទន់ ដូចជាការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ការគិតត្រិះរិះពិចារណា និងផែនការអាជីពផងដែរ។ គោលបំណងរបស់ទាវ គឺធានាឱ្យសិក្ខាកាមក្លាយជាបុគ្គលិកដែលមានសមត្ថភាព និងជាពលរដ្ឋល្អក្នុងសង្គមកម្ពុជា។
ទាវ ជាមនុស្សចង់ចេះ ចង់ដឹង ហើយនាងបន្តការសិក្សាជារៀងរាល់ថ្ងៃ។ នាងជឿជាក់ថា ដើម្បីបង្រៀនក្មេងៗជំនាន់ក្រោយនៅក្នុងមជ្ឈមណ្ឌលរបស់នាង នាងក៏ត្រូវបន្តរៀនអ្វីដែលថ្មីគ្រប់ពេល។ តំណាងឱ្យអង្គការរបស់នាង ក្នុងសមត្ថភាពជាសមាជិកគណៈគ្រប់គ្រង ទាវ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិយុវជននៅកន្លែងធ្វើការសម្រាប់សហគ្រិនវ័យក្មេងដែលផ្តល់ដោយអង្គការអន្តរជាតិផ្នែកការងារ (ILO)។ នាងបានសិក្សាអំពីច្បាប់ការងារ សិទ្ធិ និងទំនួលខុសត្រូវ នៅកន្លែងធ្វើការរបស់យុវជន ធៀបនឹងសិទ្ធិ និងកាតព្វកិច្ចរបស់និយោជក។ ក្រៅពីជាតំណាងឱ្យនិយោជករបស់នាងក្នុងការបណ្តុះបណ្តាល ទាវក៏បានដាក់ខ្លួនជាបុគ្គលិកវ័យក្មេងម្នាក់ ដែលត្រូវតែដឹងអំពីសិទ្ធិការងារ និងការទទួលខុសត្រូវរបស់នាងនៅកន្លែងធ្វើការផងដែរ។
«ការដឹងពីសិទ្ធិរបស់និយោជិត និងនិយោជករបស់ខ្ញុំ បានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តនៅកន្លែងធ្វើការ។ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព ក្នុងការតស៊ូមតិ ដើម្បីសិទ្ធិរបស់យើងនៅកន្លែងធ្វើការ ព្រោះខ្ញុំមានចំណេះដឹង ហើយលែងខ្លាចក្នុងការចែករំលែកយោបល់របស់ខ្ញុំជាមួយនិយោជករបស់ខ្ញុំទៀតហើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានអំណាច។»
ជាលទ្ធផលនៃការបណ្តុះបណ្តាល និងចំណេះដឹងថ្មីរបស់ទាវ ការផ្លាស់ប្តូរជាវិជ្ជមានបានកើតឡើងនៅកន្លែងធ្វើការរបស់នាង។ នាងបានប្រើប្រាស់ការយល់ដឹងរបស់នាងអំពីច្បាប់ការងារ ដើម្បីចរចា ការផ្តល់ធានារ៉ាប់រងឯកជន បន្ថែមសម្រាប់បុគ្គលិកទាំងអស់ រួមជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផងដែរ។ ឥឡូវនេះនិយោជករបស់នាង រួមចំណែកដល់គម្រោងប្រាក់សោធននិវត្តន៍របស់បេឡាជាតិរបបសន្តិសុខសង្គមទៀតផង។
ទាវមានមោទនភាពយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរទាំងនេះ ហើយក្នុងនាមជាគ្រូបណ្តុះបណ្តាល និងជាអ្នកមើលការខុសត្រូវសង្គម នាងមានតួនាទីសំខាន់ក្នុងការបញ្ជូនអ្វីដែលនាងដឹងដល់សិស្សរបស់នាងផងដែរ។
ទាវ ជឿជាក់ថា ប្រជាជនកម្ពុជាដែលចាប់ផ្តើមធ្វើការតាំងពីវ័យក្មេង គួរតែមានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញទន់ អមជាមួយការអប់រំអំពីច្បាប់ការងារ ដើម្បីរៀបចំខ្លួនឱ្យបានល្អមុនពេលចូលទៅក្នុងទីផ្សារការងារ ធានាបាននូវការការពារខ្លួន និងការតស៊ូមតិ ដើម្បីសិទ្ធិរបស់ពួកគេ។ តាមរយៈការផ្តល់ការអប់រំ និងការផ្សព្វផ្សាយតាមគោលដៅ បុគ្គលិកវ័យក្មេងអាចទាមទារ ការយកចិត្តទុកដាក់ដោយយុត្តិធម៌ និងជួយកសាងទីផ្សារការងារប្រកបដោយសមធម៌បន្ថែមទៀតនៅកម្ពុជា។
កម្មវិធីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី 2 (DEY II) ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងអនុវត្តដោយទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនបួន គឺ ILO UNESCO UNICEF និង UNIDO កំពុងគាំទ្រដល់ស្ត្រី និងបុរសឱ្យទទួលបានការងារសមរម្យ និងផលិតភាពតាមរយៈការត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីបំពេញតម្រូវការទីផ្សារការងារ និងសម្រាប់ការងារប្រកបដោយគុណភាព។ ILO បានបើកវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិយុវជននៅកន្លែងធ្វើការសហគ្រិនវ័យក្មេងក្នុងក្របខណ្ឌ DEY II។ គោលបំណងគឺពង្រឹងសិទ្ធិអំណាចដល់យុវជនតាមរយៈការលើកកម្ពស់សិទ្ធិយុវជននៅកន្លែងធ្វើការរបស់ពួកគេ។ ស្វែងយល់បន្ថែមទៀតអំពី DEY II