លទ្ធផលនៃ កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់ អាស៊ីអាគ្នេយ៍ ៖ ការពន្លឿនកិច្ចសហការ និងការប្តេជ្ញាចិត្តដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរប្រព័ន្ធអាហារ
21 November 2024
ខេត្តសៀមរាប – ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ –កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអគ្នេយ៍បានបញ្ចប់នៅថ្ងៃនេះ ដែលកិច្ចប្រជុំនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងការអប់រំកុមារ។ កិច្ចប្រជុំកំពូលលើកទី១ក្នុងតំបន់នេះ សហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយរដ្ឋាភិបាលនៃប្រទេសហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ ក្រោមឆ័ត្រនៃសម្ព័ន្ធអាហារតាមសាលារៀន ដោយបានប្រមូលផ្តុំប្រតិភូចំនួន ១៣០នាក់ មកពីប្រទេសចំនួន ៧ ក្នុងតំបន់ និងអង្គការដៃគូចំនួន ៣៩។
ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសនៅអាស៊ីអាគ្នេយ៍ បានបោះជំហានក្នុងការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងការផ្ដល់អាហារតាមសាលារៀន ការបែងចែកថវិកាជាតិ និងការបង្កើតកម្មវិធីបែបច្នៃប្រឌិតទ្រង់ទ្រាយធំ ដែលប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក កិច្ចប្រជុំបានលើកឡើងពីភាពចាំបាច់នៃការរៀបចំនិងអនុវត្តសកម្មភាពបន្ថែមទៀត ដើម្បីកែលម្អគុណភាព និងបង្កើនភាពគ្រប់ដណ្តប់នៃការអនុវត្តកម្មវិធីអាហារនៅតាម សាលារៀន ក្នុងគោលដៅធានាថា មិនមានកុមារណាម្នាក់ត្រូវបានទុកចោល។
កិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីអាហារនៅតាមសាលារៀន ក្នុងការធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរាប់បញ្ជូលទាំងអាហារូបត្ថម្ភកុមារ ការអប់រំ និងកសិកម្មក្នុងស្រុក ព្រមទាំងដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងភាពធន់នៃប្រព័ន្ធស្បៀងអាហារ។ រដ្ឋាភិបាលនៃប្រទេសនីមួយៗបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទិន្នន័យបែបវិទ្យាសាស្រ្ត សម្រាប់ជា មូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ដូចជាការវាយតម្លៃផលប៉ះពាល់ ការវិភាគការចំណាយ និងការសិក្សា ផលត្រឡប់នៃការវិនិយោគ ដើម្បីបង្កើនការគាំទ្រកម្រិតនយោបាយ។
អាទិភាពគោលនយោបាយផ្តោតលើកិច្ចសហប្រតិបត្តិការឆ្លងវិស័យ ការធ្វើមូលដ្ឋានីយកម្ម និងការរួមបញ្ចូលស្តង់ដាអាហារូបត្ថម្ភ ជាពិសេសការជំរុញឱ្យមានការផ្តោតសំខាន់លើការអនុវត្តវិធីសាស្រ្តច្នៃប្រឌិតនានា ដូចជាកសិកម្មឆ្លាតវៃនឹងអាកាសធាតុ, អនាម័យក្នុងការចម្អិនអាហារ និងសេដ្ឋកិច្ចវិលជុំ។ កិច្ចប្រជុំបានលើកឡើងពី ភាពចាំបាច់នៃការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុលើកម្មវិធីអាហារនៅតាមសាលារៀន ជាមួយនឹងយន្តការរៀបចំហិរញ្ញប្បទានប្រកបដោយចីរភាព រួមទាំងហិរញ្ញប្បទានដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាការពង្រីក និងនិរន្តរភាពនៃការអនុវត្តកម្មវិធីអាហារតាមសាលារៀន។ កិច្ចប្រជុំកំពូលបានបិទបញ្ចប់ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះប្រទេសហ្វីលីពីននឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្នុងតំបន់ បន្ទាប់ពីកម្ពុជា។ កម្ពុជានឹងស្នើទៅលេខាធិការដ្ឋានអាស៊ានដើម្បីពិចារណាពីការចូលរួមកិច្ចសហការជាមួយសម្ព័ន្ធអាហារតាមសាលារៀន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «នៅក្នុងពិភពលោកដែលការអប់រំដើរតួជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពផ្ទាល់ខ្លួន និងសង្គម យើងត្រូវទទួលស្គាល់ថាអាហារបំប៉នដើរតួយ៉ាងសំខាន់នៅក្នុងស្ថានភាពនេះ។ អាហារនៅតាមសាលារៀនមិនត្រឹមតែជាការផ្តល់អាហារូបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សា ការលូតលាស់ និងការផ្លាស់ប្តូរផង ដែរ។ នៅពេលដែលយើងផ្តល់អាទិភាពដល់តម្រូវការអាហារូបត្ថម្ភសិស្សរបស់យើង យើងកំពុងវិនិយោគមិនត្រឹមតែលើសុខភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការអភិវឌ្ឍការយល់ដឹង ការសិក្សា និងសក្តានុពលរួមរបស់ពួកគេផងដែរ។»
ឯកឧត្តមបណ្ឌិត Dexter A. Galban អនុរដ្ឋមន្រ្តីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វីលីពីន មានប្រសាសន៍ថា៖ «យើងឈរជាឯកច្ឆន្ទក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះកូនៗរបស់យើង និងអនាគតរបស់ពួកគេ។ មិនមានការអំពាវនាវណាដែលធំជាងនេះនោះទេ ព្រោះថាអាហារតាមសាលារៀនមិនមែនត្រឹមតែជាអាហារទេ វាជាការធានាថា កុមារគ្រប់រូបមិនថាពួកគេកើតនៅទីណានោះទេ ពួកគេមានឱកាសរៀនសូត្រ រីកចម្រើន និងមានសុបិន្តធំ។ នៅទីនេះ យើងមានដំណោះស្រាយ ឆន្ទៈនយោបាយ ហើយកំពុងបង្កើតភាពជាដៃគូ ដែលមានលក្ខណៈ អន្តរវិស័យកសិកម្ម សុខាភិបាល និងអប់រំ។ ភាពជោគជ័យរបស់យើងអាស្រ័យលើសមត្ថភាពរបស់យើងក្នុងការ ធ្វើការជាមួយគ្នា។ យើងមានការវិនិយោគច្រើនជាងបីដងលើអាហារនៅសាលារៀន ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ហើយបានពង្រីកកម្មវិធីរបស់យើងពី ៦០ថ្ងៃ ទៅពេញមួយឆ្នាំជាលើកដំបូង។ ប្រទេសហ្វីលីពីននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់អាហារនៅតាមសាលារៀនសម្រាប់កុមារ ក្នុងនាមជាសហប្រធាននៃសម្ព័ន្ធអាហារនៅតាមសាលារៀនក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងនឹងបន្តបម្រើក្តីសង្ឃឹម»។
ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា មានប្រសាសន៍ថា «នាពេលបច្ចុប្បន្ន រដ្ឋាភិបាលកូរ៉េ ផ្តល់អាហារតាមសាលារៀនដល់សិស្ស ៥លាននាក់ នៅទូទាំងប្រទេស។ កម្មវិធីនេះគ្របដណ្តប់១០០% ក្នុងចំណោមសិស្សបឋមសិក្សា និងមធ្យមសិក្សាទាំងអស់។ ចាប់តាំងពីកម្មវិធីជាតិបានចាប់ផ្តើមនៅឆ្នាំ១៩៧៣ ក្នុងរយៈពេល ៥ទសវត្សកន្លងមកនេះ កម្មវិធីនេះត្រូវបានពង្រីកពីសាលាបឋមសិក្សារហូតដល់សាលាមធ្យមសិក្សា និងត្រូវបានកែលម្អលើស្តង់ដាអាហារូបត្ថម្ភ និងអនាម័យ។ ប្រព័ន្ធលទ្ធកម្មអាហារតាមសាលារៀន ដែលត្រូវបានធ្វើឲ្យប្រសើរឡើង និងបាននាំឲ្យឧស្សាហកម្មអាហារក្នុងស្រុកមានភាពប្រសើរឡើងផងដែរ។ ក្នុងនាមរដ្ឋាភិបាលកូរ៉េ ខ្ញុំចង់បង្ហាញពីសាមគ្គីភាពរបស់ខ្ញុំជាមួយរដ្ឋាភិបាលនៃប្រទេសនានាដែលមានវត្តមាននៅទីនេះ។ គំនិតផ្តួចផ្តើម និងកម្មវិធីរបស់ពួកគេ ដើម្បីគាំទ្រកុមារនូវអាហារដែលមានជីវជាតិ និងលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ»។
លោកជំទាវ Anita Hirsch នាយករងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីស្បៀងអាហារពិភពលោក និងតំណាងឱ្យលេខាធិការដ្ឋានសម្ព័ន្ធអាហារតាមសាលារៀន មានប្រសាសន៍ថា៖ «ខ្ញុំសូមចូលរួមអបអរសាទរចំពោះម្ចាស់ផ្ទះទាំងបី នៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអគ្នេយ៍។ ពេលវេលានិងការវិនិយោគដ៏សំខាន់បង្ហាញដោយប្រទេសដែលតំណាងនៅទីនេះ ថ្ងៃនេះពិតជាគួរឱ្យកោតសរសើរ។ ការដាក់ឱ្យដំណើរការដ៏គួរឱ្យចាប់អារម្មណ៍នៃគោលនយោបាយស្តីពី អាហារនៅតាមសាលារៀន របស់ប្រទេសកម្ពុជា គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្ត ដែលមិនផ្លាស់ប្តូររបស់ខ្លួនក្នុងការលើកកម្ពស់អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍកសិកម្ម។ កិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការបង្កើនការគ្របដណ្តប់នៃកម្មវិធីរបស់ពួកគេគឺជាឧទាហរណ៍ដ៏ល្អសម្រាប់ប្រទេសដទៃទៀត។ ការគាំទ្ររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េទៅកាន់ប្រទេសផ្សេងៗ និងការចែករំលែកចំណេះដឹងអំពីភាពជោគជ័យរបស់ពួកគេក្នុងកម្មវិធីអាហារនៅតាមសាលារៀន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវបេសកកម្មរបស់យើង ក្នុងការធានាថាកុមារមានសុខភាពល្អ និងរីកចម្រើន។
សម្រាប់ការសាកសួរព័ត៌មាន និងសំណើសម្ភាសន៍ សូមទាក់ទងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈ info@moeys.gov.kh ឬ +៨៥៥ ១២ ៦២៥ ៥៣៨។