«ខ្ញុំមិនដឹងថាខ្ញុំអាចរកប្រាក់ចិញ្ចឹមជីវិតបានដោយរបៀបណាទេ ដែលវាធ្វើឱ្យខ្ញុំមានអារម្មណ៍ពិបាកវេទនា និងធ្លាក់ទឹកចិត្ត»
ផល្លី [ឈ្មោះត្រូវបានប្តូរដើម្បីការពារអត្តសញ្ញាណ] អាយុ ៤១ ឆ្នាំ ធ្លាប់ទៅធ្វើការនៅប្រទេសថៃ នៅការដ្ឋានសំណង់មួយ មុនពេលជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យគាត់បង្ខំចិត្តត្រឡប់ទៅភូមិកំណើតរបស់គាត់វិញ ដែលស្ថិតនៅក្នុងខេត្តសៀមរាប ភាគពាយព្យនៃប្រទេសកម្ពុជា។
ប៉ុន្មានថ្ងៃដំបូងរបស់ ផល្លី ក្រោយពីត្រឡប់មកប្រទេសកម្ពុជាវិញ ពោរពេញទៅដោយក្តីមន្ទិល និងការព្រួយបារម្ភ គាត់បានរៀបរាប់ថា «ខ្ញុំមិនដឹងថាខ្ញុំអាចរកប្រាក់ចិញ្ចឹមជីវិតបានដោយរបៀបណាទេ ដែលវាធ្វើឱ្យខ្ញុំមានអារម្មណ៍ពិបាកវេទនា និងធ្លាក់ទឹកចិត្ត»។
ចំណងជើង៖ Phally is feeding for her chicken
រូបថត៖ ©IOMCambodia/RachanaCHETHA/2021
ជនចំណាកស្រុកជាង ២៦៥ ០០០ នាក់ (រួមទាំងស្ត្រីចំណាកស្រុកជាង ១១៦ ០០០ នាក់) បានត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដោយសាររងផលប៉ះពាល់ពីជំងឺរាតត្បាត។ រួមគ្នាជាមួយនឹងអង្គការ UNFPA អង្គការ UNICEF និងអង្គការ WHO, អង្គការ IOM បានអនុវត្តកម្មវិធីរួមគ្នាមួយដែលផ្តល់មូលនិធិដោយមូលនិធិបរធនបាលកិច្ចពហុភាគីសហប្រជាជាតិ (UN MPTF) ដែលបានផ្តល់ឱកាសសមាហរណកម្មឡើងវិញសម្រាប់ស្ត្រីចំណាកស្រុក តាមរយៈការគាំទ្រសកម្មភាពរកប្រាក់ចំណូល។ កម្មវិធីនេះត្រូវបានអនុវត្តនៅចន្លោះខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២០ នៅក្នុងខេត្តចំនួនបីក្នុងប្រទេសកម្ពុជា ដែលមានចំនួនជនចំណាកស្រុកត្រឡប់មកពីប្រទេសថៃច្រើនជាងគេ។
ដោយសារតែមានការគាំទ្រពីកម្មវិធីនេះ ផល្លីអាចចាប់ផ្តើមមុខរបរលក់សណ្តែកសៀង និងសាច់មាន់របស់គាត់បាន ដែលសព្វថ្ងៃនេះគាត់បើកមុខរបរនេះជាមួយកូនស្រីរបស់គាត់ ដោយរកប្រាក់ចំណូលប្រចាំថ្ងៃបានចំនួន ៤០ ០០០ រៀល (១០ ដុល្លារអាមេរិក)។
ចំណងជើង៖ Phally’s daughter is making soy bean juice.
រូបថត៖ ©IOMCambodia/Rachana CHETHA/2021
«ការធ្វើទឹកសណ្តែក គឺជាគំនិតល្អសម្រាប់អាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ព្រោះនេះជាភេសជ្ជៈដ៏ទាន់សម័យក្នុងសហគមន៍របស់ខ្ញុំ»
លើសពីនេះ មុខរបរលក់សណ្តែកសៀងបានបន្សល់នូវកាកសំណល់ដែលមានប្រយោជន៍ដែលអាចយកទៅឱ្យចំណីមាន់បាន ធ្វើឱ្យមុខរបររបស់ផល្លីកាន់តែមាននិរន្តរភាពជាងមុន។ ផល្លី ក៏ធ្វើអំបោសដោយដៃផងដែរ ដែលគាត់អាចលក់វាបាននៅផ្សារក្នុងមូលដ្ឋានដើម្បីរកប្រាក់ចំណូលបន្ថែម។
ចំណងជើង៖ Phally’s chicken farm
រូបថត៖ ©IOMCambodia/RachanaCHETHA/2021
នៅភូមិមួយទៀតក្នុងខេត្តសៀមរាប ស្រីមុំ [ឈ្មោះត្រូវបានប្តូរដើម្បីការពារអត្តសញ្ញាណ] អាយុ ៣២ឆ្នាំ បានរៀបរាប់ពីរបៀបដែលគាត់ និងស្វាមីខំតស៊ូស្វែងរកការងារធ្វើជាអ្នកស៊ីឈ្នួលឱ្យគេនៅប្រទេសថៃ នៅពេលដែលការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាតបានចាប់ផ្តើមប៉ះពាល់ដល់ការប្រកបមុខរបរទាំងឡាយ។ ដោយគិតគូរយ៉ាងយកចិត្តទុកដាក់ ពួកគាត់ក៏បានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចិញ្ចឹមកូនតូចៗ ដែលពួកគាត់បានទុកឱ្យនៅប្រទេសកម្ពុជា និងជួយផ្គត់ផ្គង់ឪពុកម្តាយចាស់ជរារបស់ស្រីមុំ។
គាត់បានពន្យល់ថា «យើងបានឃ្លាតឆ្ងាយពីផ្ទះអស់រយៈពេលបីឆ្នាំ ដូច្នេះពិបាកសម្រេចចិត្តរឿងនេះណាស់ ជាពិសេសគឺដោយសារខ្ញុំមិនដឹងថាត្រូវផ្គត់ផ្គង់ចិញ្ចឹមគ្រួសាររបស់ខ្ញុំនៅកម្ពុជាដោយរបៀបណាទេ»
ចំណងជើង៖ Sreymom is watering her vegetables.
រូបថត៖ ©IOMCambodia/RachanaCHETHA/2021
ពេលត្រឡប់មកដល់ភូមិគោកចិនវិញ ស្រីមុំបានទទួលការឧបត្ថម្ភពីកម្មវិធី UN MPTF ដើម្បីចាប់ផ្តើមមុខរបរផ្ទាល់ខ្លួនរបស់គាត់ គឺការចិញ្ចឹមមាន់ និងដាំបន្លែ ដោយប្រើប្រាស់ដីដែលជាកម្មសិទ្ធិរបស់គ្រួសារគាត់។
«ខ្ញុំពិតជារីករាយណាស់នៅពេលដែលខ្ញុំត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីសមាហរណកម្មឡើងវិញ ដោយសារខ្ញុំចង់ប្រើប្រាស់ជំនួយនេះ ដើម្បីចាប់ផ្តើមមុខរបរខ្នាតតូចរបស់ខ្ញុំដោយផ្ទាល់នៅផ្ទះរបស់ខ្ញុំ ហើយអាចរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបាន។ ខ្ញុំមានគម្រោងបន្តរស់នៅក្នុងប្រទេសកម្ពុជា ហើយផ្តោតលើការចិញ្ចឹមបីបាច់កូនៗរបស់ខ្ញុំ និងការអប់រំរបស់ពួកគេ»
គាត់រៀបរាប់ដោយមោទនភាពថា ដំបូងឡើយគាត់មានមេមាន់ចំនួនប្រាំពីរក្បាល ហើយបន្ទាប់ពីគ្រប់គ្រងមុខរបររបស់គាត់ជាច្រើនខែមក ឥឡូវនេះគាត់មានមាន់ជិត ១០០ ក្បាលហើយ។ មុខរបរដាំបន្លែរបស់គាត់ក៏បានរីកចម្រើនផងដែរ គឺពង្រីកពីការដាំផ្កាខាត់ណាស ត្រកួន ស្ពៃពួយឡេង និងរុក្ខជាតិឱសថ មកបន្ថែមបន្លែជាច្រើនទៀតដូចជាត្រសក់ និងពោតបារាំង។ ស្រីមុំ សម្លឹងមើលទៅអនាគតដោយសុទិដ្ឋិនិយម៖ «ខ្ញុំសប្បាយចិត្ត ខ្ញុំអាចចិញ្ចឹមឪពុកម្តាយ និងកូនប្រុសភ្លោះរបស់ខ្ញុំ ដែលរៀននៅថ្នាក់បឋមសិក្សាបានហើយ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសទេ»។
ចំណងជើង៖ Sreymom with her parents and twin sons
រូបថត៖ ©IOMCambodia/RachanaCHETHA/2021