ជំនួយសាច់ប្រាក់សម្រាប់ការងារ ជួយគ្រួសារដែលមានតម្រូវការមូលដ្ឋានបំផុត ចំពេលមានជំងឺរាតត្បាត
សរសេរដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា
ជំងឺរាតត្បាត Covid-19 កំពុងធ្វើឱ្យប្រជាជននៅជនបទកម្ពុជារាប់លាននាក់ត្រូវការជំនួយបន្ថែម ដើម្បីបំពេញតម្រូវការបន្ទាន់របស់ពួកគេសម្រាប់ការរស់រានមានជីវិត។ ការរឹតបន្តឹងចលនាដែលកើតចេញពីវិធានការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ បានជួយសង្គ្រោះជីវិតមនុស្ស និងការពារប្រព័ន្ធថែទាំសុខភាពទាំងមូលនៅក្នុងប្រទេសកម្ពុជាពីការដួលរលំ ប៉ុន្តែវាបានប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច ជាពិសេសគ្រួសារដែលងាយរងគ្រោះបំផុត។ ការបាត់បង់ការងារ និងប្រាក់ចំណូល ខណៈពេលដែលតម្លៃនៃផលិតផល និងសេវាកម្មម្ហូបអាហារសំខាន់ៗមួយចំនួនបានកើនឡើង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធភាពរបស់គ្រួសារដែលងាយរងគ្រោះភាគច្រើនក្នុងការបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ ដូចជាអាហារ ទឹក ថ្នាំពេទ្យ ដែលនាំឱ្យមានការកើនឡើងនៃអសន្តិសុខស្បៀង។
«ខ្ញុំត្រូវចំណាយតិច និងកាត់បន្ថយការទទួលទានប្រចាំថ្ងៃ ព្រោះខ្ញុំមិនមានប្រាក់ចំណូលទេ។ មុនជំងឺកូវីដ-១៩ គ្រួសាររបស់ខ្ញុំបានចំណាយយ៉ាងតិច ៤ ដុល្លារក្នុងមួយថ្ងៃសម្រាប់អាហារ និងសម្រាប់កូនៗរបស់ខ្ញុំចំណាយលើអាហារសម្រន់ខ្លះនៅសាលារៀន។ ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំចំណាយតិចជាង ២.៥ ដុល្លារសម្រាប់អាហារ» ជាករលើកឡើង របស់ លោក សុខ សាន្ត ជាកម្មករសំណង់ និងជាឪពុកមានកូន៣នាក់ រស់នៅភូមិដំរីឆ្លូង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកបានបន្តថា «ប៉ុន្មានខែទៀតក្នុងរដូវវស្សា ប្រហែលចាប់ពីខែមិថុនា ឬខែកក្កដា យើងចាប់ផ្ដើមអស់ស្រូវពីស្តុកហើយ»។
មកពីភូមិជាមួយគ្នា អ្នកស្រី យឿម ខន អាយុ ៤២ ឆ្នាំ ជាម្តាយមានកូន ៧ នាក់ ជាស្ត្រីប្រកបរបរចិញ្ចឹមកូនទាំងអស់តាមរយៈការងារតាមរដូវកាលក្នុងសហគមន៍ដែលគាត់រស់នៅ។ គាត់បានបាត់បង់ប្រាក់ចំណូលពេលគាត់មិនអាចទៅធ្វើការនៅចម្ការដំឡូងមី ដែលមានទីតាំងឆ្ងាយពីភូមិរបស់នាង។
«ជាធម្មតា ខ្ញុំទៅធ្វើការនៅចម្ការដំឡូងមីជាមួយអ្នកភូមិដទៃទៀត។ យើងទៅទីនោះតាមយានជំនិះ ដែលជារបស់អ្នកភូមិម្នាក់ទៀត។ ប៉ុន្តែដោយមានការរឹតបន្តឹងការធ្វើដំណើរ និងគ្រោះថ្នាក់តិចតួចបានកើតឡើងចំពោះម្ចាស់យានយន្ត វាគ្មានមធ្យោបាយធ្វើដំណើរផ្សេងទៀតទេ ដូច្នេះខ្ញុំត្រូវស្នាក់នៅក្នុងភូមិ»។
ដោយសារគាត់មិនមានដីតូចមួយសម្រាប់ធ្វើស្រែ គ្រួសាររបស់ ខន ទទួលបានអង្ករ ៣០ គីឡូក្រាមក្នុងមួយខែតាមរយៈសប្បុរសធម៌។
ដោយមានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានសហការជាមួយដៃគូក្នុងស្រុកដើម្បីអនុវត្តគម្រោងរយៈពេល20 ខែ។ ដើម្បីគាំទ្រដោយផ្ទាល់ដល់គ្រួសារដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយវិបត្តិកូវីដ-១៩ រួមមានគ្រួសារក្រីក្រ និងងាយរងគ្រោះ កសិករខ្នាតតូច ពលករចំណាកស្រុក និងកម្មករធម្មតាដែលគ្មានការងារធ្វើនៅក្នុងខេត្តសៀមរាប និងបន្ទាយមានជ័យ។
ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបន្ត គម្រោងនេះផ្តល់ឱកាសការងាររយៈពេលខ្លី និងបណ្តោះអាសន្នដល់គ្រួសារក្រីក្របំផុត និងគ្មានសុវត្ថិភាពស្បៀងអាហារ តាមរយៈសកម្មភាពក្រោមគម្រោងសាច់ប្រាក់សម្រាប់ការងារ រួមទាំងការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត អនុញ្ញាតឱ្យគ្រួសារដែលពាក់ព័ន្ធទទួលបានចំនួនទឹកប្រាក់មួយចំនួនដែលអាចជួយពួកគេក្នុងការចំណាយលើអាហារ និងថ្នាំពេទ្យ និងសន្សំសម្រាប់ការអប់រំកូនរបស់ពួកគេ។
លោក សាន្ត និង អ្នកស្រីខន បានទទួលថវិកាប្រមាណ ១៥០ ដុល្លារអាមេរិក ពីការងាររបស់ពួកគេក្នុងការស្តារប្រព័ន្ធធារាសាស្រ្ត និងសាងសង់រចនាសម្ព័ន្ធទទួលទឹកចំនួន ៣ នៅគម្រោងធារាសាស្ត្រអូររំដេង ក្នុងស្រុកសូទ្រនិគម ដែលគាំទ្រដោយគម្រោងនេះ។
«ខ្ញុំបានប្រើលុយដែលខ្ញុំទទួលបានពីសកម្មភាព [សាច់ប្រាក់សម្រាប់ការងារ] នេះដើម្បីទិញអង្ករខ្លះ ចំណាយលើថ្នាំពេទ្យមួយចំនួនសម្រាប់ប្រពន្ធខ្ញុំ និងទិញកាបូបសិក្សាថ្មីសម្រាប់កូនរបស់ខ្ញុំ ព្រោះថាកាបូបចាស់រហែកទៅហើយ ព្រមទាំងសៀវភៅពីរបីក្បាលផងដែរ» ជាការលើកឡើងរបស់លោក សុខ សាន្ត។
អ្នកស្រី ខន វិញបាននិយាយថា «ខ្ញុំបានសម្រេចចិត្តទិញតុសម្រាប់បរិភោគអាហារមួយ សន្សំបានខ្លះសម្រាប់ការចំណាយលើការសិក្សារបស់កូនខ្ញុំទាំងប្រាំនាក់ ដែលបានចុះឈ្មោះចូលរៀនហើយ ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំមានលទ្ធភាពស័ង្កសីដើម្បីបិតចន្លោះជញ្ជាំងផ្ទះរបស់ខ្ញុំ»។
ក្នុងនាមជាគ្រួសារដែលមានបណ្ណសមធម៌ លោកសាន្ត និងអ្នកស្រីខន ក៏ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីផ្ទេរប្រាក់របស់រដ្ឋាភិបាលកម្ពុជាសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺរាតត្បាតផងដែរ ដែលពួកគាត់ទទួលបានប្រហែល ៥០ ដុល្លារក្នុងមួយខែ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់សេដ្ឋកិច្ចរបស់ពួកគេពីជំងឺរាតត្បាត។ ពួកគាត់បានរាយការណ៍ថានឹងប្រើប្រាស់ចំនួនទឹកប្រាក់នេះ ដើម្បីសងបំណុលមួយចំនួន ហើយនៅសល់គឺដើម្បីគ្របដណ្តប់តម្រូវការមូលដ្ឋានរបស់ពួកគាត់។ គិតត្រឹមថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ កម្មវិធីផ្ទេរសាច់ប្រាក់ជាតិផ្តល់អត្ថប្រយោជន៍ដល់គ្រួសារចំនួន ៦៧៨ ៤៥៩ ជាមួយនឹងការផ្ទេរប្រាក់សរុបចំនួន ៤៧០ លានដុល្លារ។ កម្មវិធីនេះនឹងបន្តរហូតដល់ខែកញ្ញា ឆ្នាំ២០២២។
ទោះបីលោក សាន្ត និងអ្នកស្រី ខន មិនមានដីស្រែក៏ដោយ ក៏ពួកគាត់សប្បាយចិត្តនឹងគម្រោងជួយស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រអូររំដេង ដោយពួកគាត់អាចរកប្រាក់ចំណូលបានតាមតម្រូវការភ្លាមៗ ទន្ទឹមនឹងនោះ ចូលរួមចំណែកក្នុងការងារសង្គមដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ផងដែរ។ គម្រោងធារាសាស្ត្រអូររំដេងត្រូវបានអាជ្ញាធរមូលដ្ឋាន និងសហគមន៍កំណត់ថាជាអាទិភាពសម្រាប់ការស្តារឡើងវិញ។ គម្រោងនេះបានគាំទ្រការស្តារប្រឡាយទី៣ ប្រវែង ៥៧០ ម៉ែត្រ និងសាងសង់រចនាសម្ព័ន្ធច្រកចូលចំនួន ៣ តាមរយៈសាច់ប្រាក់សម្រាប់ការងារ។ បន្ថែមពីលើនេះ ប្រឡាយបន្ទាប់បន្សំប្រវែង ១ ៣០០ម៉ែត្រ កំពុងត្រូវបានជួសជុលឡើងវិញតាមរយៈគ្រឿងចក្រ។ លោក ស៊ា សិត មេភូមិដំរីឆ្លូង អះអាងថា ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រអូររំដេង នឹងផ្តល់អត្ថប្រយោជន៍រយៈពេលវែង។ វានឹងជួយដល់ផលិតកម្មកសិកម្ម និងនេសាទយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ផ្ទៃដីរួមដែលគ្របដណ្ដប់ដោយប្រព័ន្ធធារាសាស្ត្រនេះ មានទំហំ ៩១,៣ ហិតា គ្របដណ្តប់ភូមិចំនួន ៤ នៃឃុំខ្នាពោធិ៍ ទទួលបានអត្ថប្រយោជន៍ប្រមាណ ៦៨២ គ្រួសារ (ប្រជាជន ៣ ១៤៩ នាក់ ស្រី ៥០%)។ កសិករដែលមានស្រែនៅតាមប្រឡាយនឹងមានទឹកប្រើប្រាស់បានកាន់តែប្រសើរ និងអាចបង្កបង្កើនផលស្រូវពីរដងក្នុងមួយឆ្នាំ ព្រមទាំងការដាំដំណាំបន្ទាប់បន្សំផ្សេងទៀត។
គម្រោងនេះជួយដល់ប្រជាពលរដ្ឋប្រមាណ ៥០០ គ្រួសារដូចជា លោកសាន្ត និងអ្នកស្រីខន នៅក្នុងខេត្តគោលដៅទាំងពីរជាមួយនឹងជំនួយសាច់ប្រាក់សម្រាប់ការងារ ដែលសកម្មភាពត្រូវបានពង្រីកដល់ការជួយសហគមន៍ព្រៃឈើ ដើម្បីលើកកម្ពស់នូវកម្មវិធី «ជួយបង្កើតឡើងវិញនូវព្រៃឈើធម្មជាតិ (ANR)» ជាវិធីសាស្រ្តសាមញ្ញ និងចំណាយតិចក្នុងការស្តារឡើងវិញ ដែលអាចបង្កើនផលិតភាព និងមុខងារប្រព័ន្ធអេកូនៃដីដែលខូចគុណភាព មុនពេលគម្រោងនេះបញ្ចប់នៅ ខែកក្កដា ឆ្នាំ២០២២។