សេចក្តី​ប្រកាស​ព័ត៌មាន

WFP និង គណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េ ដើម្បីពង្រឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន

21 September 2023

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និង​បុគ្គលិកនៃ​កម្មវិធីស្បៀងអាហារពិភពលោក​របស់អង្គការសហប្រជាជាតិ (WFP) កំពុងបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្នុងគោលបំណង​ពង្រឹងកម្ម​វិធី​ផ្ដល់​ស្បៀង​អាហារ​តាមសាលារៀន​នៅ​​កម្ពុជា។ បេសកកម្ម​បំពេញ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​កូរ៉េ (KOICA) ហើយតាមរយៈ​បេសកកម្មនេះ គណ:ប្រតិភូទាំងមូលនឹង​​បានសិក្សា​ស្វែង​​យល់​ដោយផ្ទាល់អំពី​គំរូជោគជ័យរបស់កម្មវិធីអាហារតាមសាលារបស់ប្រទេស​កូរ៉េ។

លោកស្រី គ្លែរ កូណាន់ នាយិកាប្រចាំប្រទេសរបស់ WFP នៅកម្ពុជាមាន​ប្រសាសន៍ថា «ជាមួយនឹងកម្មវិធី​ផ្ដល់​ស្បៀង​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​​សហគមន៍ (HGSF) របស់យើង កម្ពុជាមានគោលបំណងផ្តល់អាហារដល់កុមារ​ផង ហើយ​ស្របពេល​ជាមួយ​នោះ ក៏​លើក​កម្ពស់​កែលម្អអាហារូបត្ថម្ភ ពង្រឹងការអប់រំនិងការអភិវឌ្ឍន៍ជនបទ និងបង្កើន​សន្តិសុខស្បៀង​ផងដែរ។ ជំនួយ​​គាំទ្ររបស់ KOICAកន្លងមកទៅលើកម្មវិធី បានផ្ដល់​នូវ​ការ​កែប្រែ​គួរឱ្យ​កត់សម្គាល់ទៅលើការ​កសាង​​​ហេដ្ឋារចនាសម្ព័ន្ធ​​សំខាន់ៗ​តាម​សាលារៀន និងលើកកម្ពស់​សមត្ថភាព​របស់​អ្នកអនុវត្តកម្មវិធី។ ជំនួយ​នេះ​ក៏​បាន​​ រួមចំណែក​​ទៅ​ដល់​​សេដ្ឋកិច្ចក្នុងស្រុក​ផងដែរ តាមរយៈ​ការ​លើកកម្ពស់​ការ​​ដាំដុះកសិផលតាមផ្ទះ​សម្រាប់​ផ្គត់​ផ្គង់​តាម​មូលដ្ឋាន​ ការ​បង្កើន​​ភាព​អង់​អាច​របស់​កសិករ ការ​លើកកម្ពស់​កំណើន​កសិកម្ម និងការ​​បង្កើតនូវ​ប្រព័ន្ធស្បៀងមួយ​ដែល​ប្រកបដោយនិរន្តរភាព។»

គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តមណាតប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំនិងដែល​រួមមានសមាសភាព​មន្ត្រីសំខាន់ៗមកពីក្រសួងអប់រំ​ ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រុមប្រឹក្សាស្ដារ​អភិវឌ្ឍវិស័យ​កសិកម្មនិងជនបទ នឹងបានសិក្សាស្វែង​យល់​អំពីការអនុវត្ត​ កម្មវិធី​ផ្ដល់​ស្បៀង​អាហារ​តាម​សាលារៀន​នៅ​​ប្រទេសកូរ៉េ ដោយផ្តោតលើគោលនយោបាយ យន្តការ​អនុវត្ត​ការងារ និងការសម្របសម្រួល​អន្តរក្រសួង។ គណៈប្រតិភូ​នឹងចូលរួមជា​មួយសមភាគីកូរ៉េ ដើម្បី​សង្កេតមើលដំណើរការលទ្ធកម្មស្បៀងតាមមូលដ្ឋាន និងទស្សនកិច្ច​នៅតាម​​សាលារៀនក្នុង​សហគមន៍​​ដែលទើប​កំពុង​អនុវត្ត​កម្មវិធីនេះ។ បន្ទាប់មក   គណៈប្រតិភូ​នឹងជួបជាមួយ​មន្ត្រីជាន់ខ្ពស់នៅទីស្នាក់ការ​កណ្តាលរបស់ KOICA ដើម្បីស្វែងយល់បន្ថែមអំពីការអនុវត្តកម្មវិធី ការគ្រប់គ្រង ការអភិវឌ្ឍ​គោលនយោបាយ យុទ្ធសាស្រ្តហិរញ្ញវត្ថុបែបច្នៃប្រឌិត និងតួនាទីរបស់​វិទ្យាសាស្ត្រ       បច្ចេក​វិទ្យា និងការច្នៃប្រឌិតក្នុងការរចនាកម្មវិធីប្រកបដោយនិរន្តរភាព និងបង្កើតកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូចម្រុះ និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់សុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការគ្រប់គ្រងគុណភាពអាហារនៅតាម​សាលារៀន ដែលជាកម្លាំងចលករដ៏មានឥទ្ធិពលសម្រាប់កំណែទម្រង់​ការ​អប់រំក្នុងអាណត្តិទី៧​នៃ​រាជរដ្ឋាភិបាល។

«ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​កូរ៉េ​នេះ ស្របទៅ​តាម​ចក្ខុវិស័យ​របស់​​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និងបរិយាប័ន្ន ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ចែក​រំលែក​ចំណេះដឹង​រវាង​ប្រទេស​ទាំងពីរ។ វាគឺ​​ជា​ព្រឹត្តិការណ៍​​សំខាន់​មួយ​ក្នុង​កិច្ច​សហការ​រវាង​កម្ពុជានិង​កូរ៉េ ដែល​អាច​ធ្វើ​ទៅ​បាន​​តាមរយៈ​ជំនួយ​​គាំទ្រ​ដ៏​មាន​តម្លៃ​របស់ KOICA។ ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីភាពជាដៃគូដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ​របស់យើង និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់ការអប់រំ អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទ។» ឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់​ដូច្នេះ ​ដោយសេចក្ដីសាទរ និង​បាន​បន្ថែមថា តាមរយៈកម្មវិធីជំនួយចម្រុះ​​របស់ប្រទេសកូរ៉េ កម្ពុជាកំពុងត្រួសត្រាយ​​ផ្លូវឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់​សម្រាប់​វិស័យអប់រំ អាហារូបត្ថម្ភ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លទ្ធផលនៃដំណើរទស្សនកិច្ច​សិក្សា​នេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយស្ដីអំពី​ការផ្តល់ស្បៀង​អាហារ​តាម​​សាលារៀននៅ​កម្ពុជា និងការអភិវឌ្ឍកម្មវិធី​ជាតិ​ផ្ដល់​ស្បៀង​អាហារ​តាម​សាលារៀន​ដោយ​ប្រើ​ប្រាស់​កសិផល​សហគមន៍ ក្នុង​ខណៈពេល​ដែល​កម្មវិធីនេះ​កំពុង​ឈានដល់ដំណាក់កាលសំខាន់ក្នុងការផ្ទេរមកក្នុងការគ្រប់គ្រងទាំងស្រុងរបស់រាជារដ្ឋាភិបាលក្នុងឋាន:យន្តការមួយដ៏សំខាន់នៃ​បណ្តាញសុវត្ថិភាពសង្គម​ ។​

 

#                 #                   #

 

កម្មវិធីស្បៀងអាហារពិភពលោកនៃ​អង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេ​បំផុតនៅលើ​ពិភពលោក ដែលជួយ​សង្គ្រោះ​ជីវិតមនុស្ស​ក្នុងគ្រាអាសន្ន និងប្រើ​ជំនួយ​ស្បៀងអាហារ ជាវិធី​​កសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជន​ដែលបាន​​ឆ្លង​កាត់​​ជម្លោះ គ្រោះមហន្តរាយ និងផលប៉ះពាល់នៃ​ការប្រែប្រួលអាកាសធាតុ។

Chou_WFP

Chou Chea

WFP
មន្រ្តីទំនាក់ទំនង និងរបាយការណ៍

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

WFP
កម្មវិធីស្បៀងអាហារពិភពលោកសហប្រជាជាតិ

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ