សេចក្តី​ប្រកាស​ព័ត៌មាន

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀនដែលរៀបចំឡើងដោយរដ្ឋាភិបាលប្រទេសបារាំង

17 October 2023

ភ្នំពេញ៖ ក្នុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន ដែលរៀបចំឡើងដោយលោកប្រធានាធិបតី ម៉ាក្រូន នាទីក្រុងប៉ារីស។

ដោយទទួលស្គាល់ពីសក្តានុពលនៃការផ្តល់អាហារតាមសាលារៀន ដើម្បីពង្រើកការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងលើប្រព័ន្ធអាហារក្នុងស្រុក ប្រទេសកម្ពុជាបានចូលជាសមាជិករបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀននៅឆ្នាំ២០២១ ស្របពេលដែលសម្ព័ន្ធរដ្ឋនេះបានប្រកាសអោយប្រើប្រាស់នៅក្នុងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ គឺជាការផ្តួចផ្តើមសកលមួយដែលមានប្រទេសបារាំង និងប្រទេសហ្វាំងឡង់ជាសហប្រធាន។ បេសកកម្មរបស់សម្ព័ន្ធរដ្ឋផ្តល់អាហារគឺធានាថានៅឆ្នាំ២០៣០ កុមារគ្រប់រូបមិនថាកុមារណាឡើយគឺមានលទ្ធភាពទទួលបានអាហារដែលមានអាហារូបត្ថម្ភល្អ និងមានជីវជាតិជម្រុញក្នុងការលូតលាស់ និងរីកចម្រើនដល់ការសិក្សា។ កម្មវិធីផ្តល់អាហារតាមសាលារៀនដែលបានបង្កើតឡើងដោយយកចិត្តទុកដាក់នេះ គឺជាផ្នែកមួយនៃការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពបំផុត ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ទាំងមូល។ ដោយផ្តោតសំខាន់លើចំណុចគោលនយោបាយមួយ - ដែលអាហារនៅសាលា និងគោលនយោបាយលទ្ធកម្មអាហារសាធារណៈដែលពាក់ព័ន្ធ - រដ្ឋាភិបាលអាចយកយុទ្ធសាស្ត្រពង្រឹងខ្លួនដើម្បីធ្វើអោយមានវឌ្ឍនភាពលើបញ្ហាប្រព័ន្ធមួយចំនួន។

ជាមួយនឹងប្រវត្តិនៃភាពជោគជ័យលើការអនុវត្តកម្មវិធីមួយនេះ ព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួលស្គាល់ដោយសម្ព័ន្ធរដ្ឋផ្តល់អាហារ ជាប្រទេសគំរូដែលនឹងត្រូវលើកយកមកជាឧទាហរណ៍ករណីជោគជ័យនៅក្នុងកិច្ចប្រជុំជាសកលនាឆ្នាំនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា “ជាការពិត ការធ្វើជាតូបនីយកម្មរបស់កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនរបស់កម្ពុជា ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏បានទាក់ទាញអោយកុមារជាច្រើនមកសាលារៀន ព្រមទាំងគាំទ្រដល់ការសិក្សា ការទទួលបានអាហារូបត្ថម្ភល្អ និងការគិតគូរពីសុខភាពនិងសុខុមាលភាពរបស់ពួកគាត់ ផងដែរ។” ឯកឧត្តមបានបន្តទៀតថា កម្មវិធីស្បៀងអាហារពិភពលោក(WFP) កំពុងធ្វើការជាមួយអាជ្ញាធរជាតិ និងអាជ្ញាធរមូលដ្ឋានដើម្បីបង្កើតនូវលក្ខខណ្ឌប្រកបផ្សេងៗសម្រាប់គាំទ្រដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងទាំងស្រុងលើកម្មវិធីមួយនេះ ដូចជាការធានាអោយបានថា កម្មវិធីផ្តល់អាហារតាមសាលារៀននឹងត្រូវបានបញ្ចូលក្នុងថវិកាជាតិ ផែនការថ្នាក់ជាតិ និងគម្រោងគាំពារជាតិរបស់ប្រទេសកម្ពុជា។

ដើម្បីជាការត្រៀមខ្លួនក្នុងការចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក  Jacques PELLET  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  និងលោកស្រីនាយិកាប្រចាំប្រទេសរបស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានបំពេញទស្សនកិច្ចរួមគ្នា ចុះត្រួតពិនិត្យដោយផ្ទាល់លើ កម្មវិធីផ្ដល់អាហារតាមសាលារៀន នៅសាលាបឋមសិក្សាអង្គសិរី ក្នុងខេត្តកំពង់ឆ្នាំង។ ជារៀងរាល់ព្រឹក សាលារៀននេះបានផ្តល់អាហារពេលព្រឹកដែលសម្បូរទៅដោយអាហារូបត្ថមជូនដល់សិស្សមត្តេយ្យ និងបឋមសិក្សាប្រមាណជាង២០០នាក់។

ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏ល្អដែលឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងបានចុះពិនិត្យផ្ទាល់ពីការអនុវត្តលើកម្មវិធីផ្តល់អាហារតាមសាលារៀនជាតិ។

ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា “ក្នុងនាមជាសហប្រធាននៃសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន យើងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះបុព្វហេតុដ៏ថ្លៃថ្លានៃការផ្តល់អាហារូបត្ថម្ភ និងការអប់រំសកលទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។”  ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមដោយគូសបញ្ជាក់ថា ប្រទេសបារាំងបានគាំទ្រយ៉ាងសកម្មទាំងក្នុងប្រទេសរបស់ខ្លួន និងទូទាំងពិភពលោក តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP)។ “ដំណើរទស្សនកិច្ចរបស់យើងទៅកាន់សាលារៀននៅថ្ងៃនេះគឺពិតជាអស្ចារ្យ ដែលពួកយើងបានពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិរបស់យើង និងពង្រឹងចក្ខុវិស័យរួមសម្រាប់ពិភពលោកមួយដែលកុមារគ្រប់រូបត្រូវបានចិញ្ចឹមបីបាច់ទាំងផ្លូវកាយ និងផ្លូវចិត្ត។”

ការតស៊ូមតិសម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀនទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស គឺជាគន្លឹះដើម្បីរក្សាការប្តេជ្ញាចិត្ត និងការរៀនសូត្រពីសំណាក់ប្រទេសដទៃ ដើម្បីធ្វើអោយអនាគតក្មេងៗជំនាន់ក្រោយកាន់តែប្រសើរ។ សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន គឺជាវេទិកាដ៏ល្អមួយដែលរដ្ឋាភិបាល ក៏ដូចជាដៃគូពាក់ព័ន្ធអាចយល់ព្រមដើម្បីធ្វើការរួមគ្នាក្រោមទិសដៅ និងបេសកម្មតែមួយ ដើម្បីបង្កើនគុណភាព ចីរភាព និងពង្រីកកម្មវិធីផ្តល់អាហារតាមសាលាថ្នាក់ជាតិ និងបំពេញបន្ថែមនៅការអន្តរាគមន៍ផ្សេងៗ។

Chou_WFP

Chou Chea

WFP
មន្រ្តីទំនាក់ទំនង និងរបាយការណ៍

អង្គភាពរបស់អង្គការសហប្រជាជាតិដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ

WFP
កម្មវិធីស្បៀងអាហារពិភពលោកសហប្រជាជាតិ

គោលដៅប្រកបដោយចីរភាពដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមនេះ