WFP និង គណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េ ដើម្បីពង្រឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន
21 September 2023
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងបុគ្គលិកនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) កំពុងបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្នុងគោលបំណងពង្រឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា។ បេសកកម្មបំពេញទស្សនកិច្ចនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ហើយតាមរយៈបេសកកម្មនេះ គណ:ប្រតិភូទាំងមូលនឹងបានសិក្សាស្វែងយល់ដោយផ្ទាល់អំពីគំរូជោគជ័យរបស់កម្មវិធីអាហារតាមសាលារបស់ប្រទេសកូរ៉េ។
![](/sites/default/files/styles/featured_image/public/2023-09/photo_7_2023-09-20_22-50-42.jpg?itok=zRMghDaW)
លោកស្រី គ្លែរ កូណាន់ នាយិកាប្រចាំប្រទេសរបស់ WFP នៅកម្ពុជាមានប្រសាសន៍ថា «ជាមួយនឹងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ (HGSF) របស់យើង កម្ពុជាមានគោលបំណងផ្តល់អាហារដល់កុមារផង ហើយស្របពេលជាមួយនោះ ក៏លើកកម្ពស់កែលម្អអាហារូបត្ថម្ភ ពង្រឹងការអប់រំនិងការអភិវឌ្ឍន៍ជនបទ និងបង្កើនសន្តិសុខស្បៀងផងដែរ។ ជំនួយគាំទ្ររបស់ KOICAកន្លងមកទៅលើកម្មវិធី បានផ្ដល់នូវការកែប្រែគួរឱ្យកត់សម្គាល់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗតាមសាលារៀន និងលើកកម្ពស់សមត្ថភាពរបស់អ្នកអនុវត្តកម្មវិធី។ ជំនួយនេះក៏បាន រួមចំណែកទៅដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ តាមរយៈការលើកកម្ពស់ការដាំដុះកសិផលតាមផ្ទះសម្រាប់ផ្គត់ផ្គង់តាមមូលដ្ឋាន ការបង្កើនភាពអង់អាចរបស់កសិករ ការលើកកម្ពស់កំណើនកសិកម្ម និងការបង្កើតនូវប្រព័ន្ធស្បៀងមួយដែលប្រកបដោយនិរន្តរភាព។»
![](/sites/default/files/styles/featured_image/public/2023-09/photo_10_2023-09-20_22-46-41%282%29_0.jpg?itok=m9O4pmBq)
គណៈប្រតិភូដែលដឹកនាំដោយឯកឧត្តមណាតប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំនិងដែលរួមមានសមាសភាពមន្ត្រីសំខាន់ៗមកពីក្រសួងអប់រំ ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ នឹងបានសិក្សាស្វែងយល់អំពីការអនុវត្ត កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀននៅប្រទេសកូរ៉េ ដោយផ្តោតលើគោលនយោបាយ យន្តការអនុវត្តការងារ និងការសម្របសម្រួលអន្តរក្រសួង។ គណៈប្រតិភូនឹងចូលរួមជាមួយសមភាគីកូរ៉េ ដើម្បីសង្កេតមើលដំណើរការលទ្ធកម្មស្បៀងតាមមូលដ្ឋាន និងទស្សនកិច្ចនៅតាមសាលារៀនក្នុងសហគមន៍ដែលទើបកំពុងអនុវត្តកម្មវិធីនេះ។ បន្ទាប់មក គណៈប្រតិភូនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់នៅទីស្នាក់ការកណ្តាលរបស់ KOICA ដើម្បីស្វែងយល់បន្ថែមអំពីការអនុវត្តកម្មវិធី ការគ្រប់គ្រង ការអភិវឌ្ឍគោលនយោបាយ យុទ្ធសាស្រ្តហិរញ្ញវត្ថុបែបច្នៃប្រឌិត និងតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតក្នុងការរចនាកម្មវិធីប្រកបដោយនិរន្តរភាព និងបង្កើតកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយដៃគូចម្រុះ និងភាគីពាក់ព័ន្ធ។
ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់សុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការគ្រប់គ្រងគុណភាពអាហារនៅតាមសាលារៀន ដែលជាកម្លាំងចលករដ៏មានឥទ្ធិពលសម្រាប់កំណែទម្រង់ការអប់រំក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល។
«ដំណើរទស្សនកិច្ចសិក្សាទៅប្រទេសកូរ៉េនេះ ស្របទៅតាមចក្ខុវិស័យរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ដែលអនុញ្ញាតឲ្យមានការចែករំលែកចំណេះដឹងរវាងប្រទេសទាំងពីរ។ វាគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហការរវាងកម្ពុជានិងកូរ៉េ ដែលអាចធ្វើទៅបានតាមរយៈជំនួយគាំទ្រដ៏មានតម្លៃរបស់ KOICA។ ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីភាពជាដៃគូដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីររបស់យើង និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់ការអប់រំ អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទ។» ឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ដូច្នេះ ដោយសេចក្ដីសាទរ និងបានបន្ថែមថា តាមរយៈកម្មវិធីជំនួយចម្រុះរបស់ប្រទេសកូរ៉េ កម្ពុជាកំពុងត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់សម្រាប់វិស័យអប់រំ អាហារូបត្ថម្ភ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយស្ដីអំពីការផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជា និងការអភិវឌ្ឍកម្មវិធីជាតិផ្ដល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ក្នុងខណៈពេលដែលកម្មវិធីនេះកំពុងឈានដល់ដំណាក់កាលសំខាន់ក្នុងការផ្ទេរមកក្នុងការគ្រប់គ្រងទាំងស្រុងរបស់រាជារដ្ឋាភិបាលក្នុងឋាន:យន្តការមួយដ៏សំខាន់នៃបណ្តាញសុវត្ថិភាពសង្គម ។
# # #
កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាអាសន្ន និងប្រើជំនួយស្បៀងអាហារ ជាវិធីកសាងមាគ៌ាឆ្ពោះទៅកាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជនដែលបានឆ្លងកាត់ជម្លោះ គ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
![Chou_WFP](/sites/default/files/styles/thumbnail/public/2021-01/Screen%20Shot%202021-01-28%20at%203.41.59%20PM.png?h=c97c3cd5&itok=HK63oIPp)