ជំនួយបន្ទាន់របស់ប្រទេសជប៉ុនអាចឱ្យយូនីសេហ្វ និងអង្គការ IOM គាំទ្រការស្តារឡើងវិញសម្រាប់កុមារ និងគ្រួសារនៅកម្ពុជា បន្ទាប់ពីវិបត្តិព្រំដែន
16 September 2025
ខេត្តព្រះវិហារ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ – រដ្ឋាភិបាលជប៉ុនបានផ្តល់វិភាគទានចំនួន ១,៨ លានដុល្លារអាមេរិក ជូនដល់ យូនីសេហ្វ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដើម្បីគាំទ្រដល់ការឆ្លើយតបបន្ទាន់ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នៅតាមតំបន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងការផ្តល់ជំនួយបន្ទាន់សម្រាប់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយវិបត្តិព្រំដែន។

នៅក្នុងប្រទេសកម្ពុជា កុមាររាប់ពាន់នាក់នៅតែបន្តរងគ្រោះដោយសារកង្វះទឹកស្អាត អនាម័យមិនល្អ និងរបួសផ្លូវចិត្តដែលមិនទាន់ទទួលបានការព្យាបាល។ ក្រុមគ្រួសារជាច្រើនកំពុងត្រឡប់ទៅកាន់ផ្ទះដែលរងការខូចខាត ហើយការទៅសាលារៀន សេវាថែទាំសុខភាព និងការការពារនៅមានកម្រិត។ បើគ្មានជំនួយបន្ទាន់ទេ ការលំបាកទាំងនេះនឹងបន្តធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ និងសុខុមាលភាពរបស់កុមារកាន់តែខ្លាំងឡើង។
លោក ណាហ្គាសិ កេនស៊ូកិ ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ "រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផ្តល់ជំនួយឧបត្ថម្ភបន្ទាន់តាមរយៈយូនីសេហ្វ និងអង្គការ IOM ដើម្បីផ្តល់សម្ភារៈចាំបាច់ ទីជម្រកបណ្តោះអាសន្ន ទឹកស្អាត និងការគាំទ្រផ្នែកផ្លូវចិត្ត"។ លោកបានបន្តថា៖ "ខ្ញុំពិតជាសង្ឃឹមថាសម្ភារៈ និងបរិក្ខារទាំងនេះ នឹងនាំមកនូវការគាំទ្រដ៏មានអត្ថន័យចំពោះប្រជាជនដែលរស់នៅតំបន់ព្រំដែន ហើយវានឹងអាចជួយប្រជាជនដែលរងផលប៉ះពាល់ ក្នុងការកសាងសន្តិភាព និងស្ថិរភាពក្នុងជីវិតរបស់ពួកគេក្នុងពេលឆាប់ៗខាងមុខតាមដែលអាចធ្វើទៅបាន។"
ចាប់តាំងពីមានការផ្ទុះឡើងនៃវិបត្តិនេះមក ក្រុមគ្រួសារ និងកុមាររាប់ពាន់នាក់បានផ្លាស់ទីលំនៅ ហើយពលករកម្ពុជារាប់ម៉ឺននាក់បានវិលត្រឡប់មកពីប្រទេសថៃវិញ។ ពលករទាំងនេះក៏បានប្រឈមនឹងការបាត់បង់ប្រាក់ចំណូល និងបញ្ហាក្នុងការកសាងជីវភាពរស់នៅរបស់ពួកគេឡើងវិញ ខណៈដែលក្រុមគ្រួសារ និងកូនៗរបស់ពួកគេមិនទាន់ទទួលបានសេវាសំខាន់ៗ រួមទាំងការសិក្សារៀនសូត្រ សេវាថែទាំសុខភាព និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត។
លោកស្រី នេលី ហ្គូសាយនី ប្រធានបេសកកម្មអង្គការ IOM ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ "តាមរយៈជំនួយសប្បុរសធម៌ពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន អង្គការ IOM និងយូនីសេហ្វ នឹងផ្តល់ជំនួយបន្ទាន់ដល់ក្រុមគ្រួសារដែលបានផ្លាស់ទីលំនៅ និងពលករដែលរងផលប៉ះពាល់ដោយវិបត្តិ នៅក្នុងប្រទេសកម្ពុជា។ សម្ភារៈដើម្បីធ្វើទីជម្រក សម្ភារៈបរិក្ខារមិនមែនចំណីអាហារ និងអនាម័យ នឹងជួយដល់ក្រុមគ្រួសារក្នុងការបំពេញតម្រូវការបន្ទាន់របស់ពួកគេនៅតាមតំបន់ភៀសសឹក និងសហគមន៍ដែលរងផលប៉ះពាល់ ព្រមទាំងគាំទ្រដល់ការស្តារឡើងវិញរបស់ពួកគេ"។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យូនីសេហ្វ និងអង្គការ IOM ប្រចាំនៅកម្ពុជា នឹងផ្តល់សម្ភារៈសង្គ្រោះបន្ទាន់ជាង ៧០ តោន រួមមានសម្ភារៈដើម្បីធ្វើទីជម្រក សម្ភារៈបរិក្ខារមិនមែនចំណីអាហារ និងអនាម័យ ទឹកស្អាត និងសម្ភារៈសិក្សាកុមារតូច ជូនដល់កុមារ និងក្រុមគ្រួសារដែលកំពុងជ្រកកោននៅតាមទីវត្តអារាមដែលមានមនុស្សច្រើនកកកុញ និងតំបន់ភៀសសឹកផ្សេងទៀត។
លោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងយូនីសេហ្វប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ "យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការគាំទ្រទាន់ពេលវេលានេះ។ សម្រាប់កុមារ វិបត្តិនៅមិនទាន់បានបញ្ចប់នៅឡើយទេ។ លទ្ធភាពដែលពួកគេទទួលបានទឹកស្អាត ទីកន្លែងសិក្សាប្រកបដោយសុវត្ថិភាព និងសេវាថែទាំសុខភាពផ្លូវចិត្ត នៅតែមានភាពផុយស្រួយ។ តាមរយៈការផ្តល់ជំនួយឥតសំណងរបស់ប្រទេសជប៉ុន យូនីសេហ្វ និង អង្គការ IOM អាចផ្តល់សេវាបន្ទាន់ និងចាំបាច់ដែលការពារកុមារនៅពេលនេះ និងគាំទ្រក្រុមគ្រួសារដើម្បីស្តារឡើងវិញ"។
តាមរយៈភាពជាដៃគូរយៈពេល ៦ខែ នេះ យូនីសេហ្វ និងអង្គការ IOM នឹងពង្រីកកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ដែលនឹងជួយទៅដល់ប្រជាពលរដ្ឋជាង ៧៧.០០០ នាក់ រួមទាំងកុមារជាង ៥០.០០០ នាក់។ ជំនួយបន្ទាន់ដែលបានគ្រោងទុកមានដូចខាងក្រោម៖
-
ការចែកជូនកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ៣.០០០ កញ្ចប់ ដែលមានសម្ភារៈដើម្បីធ្វើទីជម្រក និងសម្ភារៈចាំបាច់នានា ព្រមទាំងឈុតសម្ភារៈទឹកស្អាត និងអនាម័យ (WASH) ចំនួន ៩.០០០ ឈុត ដល់ប្រជាពលរដ្ឋភៀសសឹក ពលករដែលបានត្រឡប់មកវិញ និងក្រុមគ្រួសារងាយរងគ្រោះ។
-
ការដំឡើង និងកែលម្អបង្គន់អនាម័យ និងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅតាមតំបន់ភៀសសឹក ដើម្បីធានាការទទួលបានអនាម័យ និងទឹកស្អាតប្រកបដោយសុវត្ថិភាព។
-
ការផ្តល់ជូនសម្ភារៈស្វ័យសិក្សា ចំនួន ១.៥០០ ឈុត និងបង្កើតកន្លែងមានសុវត្ថិភាពសម្រាប់ការការពារ និងការអភិវឌ្ឍរបស់កុមារតាមរយៈសកម្មភាពលេងកម្សាន្ត និងការសិក្សា។
-
ការផ្តល់ជូនសម្ភារៈទឹកស្អាត និងអនាម័យដល់សាលារៀននៅក្នុងស្រុកចំនួន ៣ ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សយ៉ាងតិច ៣៨.០០០ នាក់។
-
ការចូលរួមរបស់ព្រះសង្ឃ និងបុគ្គលិកសង្គមដើម្បីផ្តល់ការថែទាំផ្លូវចិត្ត និងការគាំទ្រផ្នែកអារម្មណ៍ ដល់កុមារ និងក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយការផ្លាស់ទីលំនៅម្តងហើយម្តងទៀត។
-
ការផ្តល់សេវាគ្រប់គ្រងករណីពីបុគ្គលិកសង្គមដែលបានទទួលការបណ្តុះបណ្តាល សម្រាប់កុមារដែលរងផលប៉ះពាល់ដោយអំពើហិង្សា ហានិភ័យការការពារ និងភាពតានតឹងផ្នែកផ្លូវចិត្ត។
-
ការផ្តល់វគ្គផ្សព្វផ្សាយជូនដល់ឪពុកម្តាយ និងអ្នកថែទាំ ស្តីពីហានិភ័យលើការការពារកុមារ រួមមានការទប់ស្កាត់អំពើហិង្សា ការរំលោភបំពានផ្លូវភេទ និងលើកកម្ពស់ការអនុវត្តការការពារកុមារ។
-
ការរៀបចំវគ្គផ្សព្វផ្សាយស្តីអំពីសុខភាព និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងតាមទឹក ព្រមជាមួយការផ្សព្វផ្សាយសារអំពីសុខភាព និងសុវត្ថិភាពនៅតាមតំបន់ភៀសសឹក។

###
អំពីយូនីសេហ្វ
យូនីសេហ្វធ្វើការងារនៅតាមទីកន្លែងលំបាកបំផុតមួយចំនួននៅក្នុងពិភពលោក ដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារដើម្បីកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកមួយកាន់តែល្អសម្រាប់មនុស្សគ្រប់រូប។ សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការយូនីសេហ្វ និងការងាររបស់ខ្លួននៅកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖
www.unicef.org.kh តាមដានយូនីសេហ្វនៅកម្ពុជាតាម Facebook | Twitter | យូធូប | Instagram | LinkedIn | Threads | TikTok
អំពីអង្គការ IOM
អង្គការ IOMគឺជាទីភ្នាក់ងារនាំមុខរបស់អង្គការសហប្រជាជាតិលើបញ្ហាទេសន្តរប្រវេសន៍។ អង្គការ IOM ធ្វើការដើម្បីធានាថា ការធ្វើទេសន្តរប្រវេសន៍គឺមានសុវត្ថិភាព រៀបរយ និងប្រកបដោយមនុស្សធម៌ ដើម្បីជាប្រយោជន៍ដល់ជនទេសន្តរប្រវេសន៍ និងសង្គមជាតិទាំងអស់គ្នា។ នៅទូទាំងពិភពលោក និងរួមជាមួយរដ្ឋាភិបាល និងដៃគូនានា យើងជួយលើកកម្ពស់កិត្តិយស និងសុខុមាលភាពរបស់ប្រជាជនដែលកំពុងធ្វើចល័តភាព ព្រមទាំងជម្រុញឱ្យមានដំណោះស្រាយ ដែលភ្ជាប់ការការធ្វើទេសន្តរប្រវេសន៍ទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់គ្រប់គ្នា។ សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការ IOM និងការងាររបស់ខ្លួននៅកម្ពុជា សូមចូលទៅកាន់៖ Website | Facebook | Twitter | LinkedIn
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក Hadrien Bonnaud
ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំកម្ពុជា
ទូរសព្ទ៖ +855 23 260 204, អ៊ីមែល៖ hbonnaud@unicef.org
លោក ចាន់ ទី
មន្ត្រីឯកទេសផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំកម្ពុជា
ទូរសព្ទ៖ +855 23 260 204, អ៊ីមែល៖ tchan@unicef.org
លោកស្រី ជេដ្ឋា រចនា
ជំនួយការកម្មវិធីជាន់ខ្ពស់ អង្គការ IOM ប្រចាំនៅកម្ពុជា
ទូរស័ព្ទ៖ +855 11 322 273, អ៊ីម៉ែល៖ rchetha@iom.int