ទីក្រុងញូវយ៉ក ថ្ងៃទី 28 ខែមេសា ឆ្នាំ 2022 - ថ្ងៃនេះមូលនិធិសម្រាប់ស្ត្រីកងកម្លាំងក្នុងប្រតិបត្តិការរក្សាសន្តិភាពប្រកាសថា កម្ពុជានឹងទទួលបានមូលនិធិគាំទ្រសម្រាប់អនុវត្តការសិក្សាស្រាវជ្រាវមួយ ក្នុងគោលបំណងកំណត់កត្តាប្រឈម ឬកត្តារារាំងទាំងឡាយ សម្រាប់ការបញ្ជូនស្រ្តីនៅក្នុងកងយោធពលខេមរភូមិន្ទចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រទេសកម្ពុជា គឺស្ថិតនៅក្នុងលំដាប់ទី២៥ ដែលបានបញ្ជូនកងកម្លាំងចូលរួមច្រើនជាងគេបង្អស់នៅក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយនាពេលបច្ចុប្បន្នកម្ពុជា មានកងកម្លាំងចំនួន៧៦៦រូប ដែលក្នុងនោះមាន១៤ភាគរយ ជាស្រ្តីស្ថិតនៅក្នុងកិច្ចប្រតិបត្តិការ។