កិច្ចប្រជុំប្រចាំឆ្នាំរវាងអង្គការសហប្រជាជាតិជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
សុន្ទរកថាដោយ លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា
(សូមផ្ទៀងផ្ទាត់ជាមួយការថ្លែងសុន្ទរកថាជាក់ស្តែង)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ ដែលបានឆ្លៀតពេលដ៏មមាញឹកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់យើង នៅថ្ងៃនេះ។
ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះសមាជិក សមាជិការ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយយើងខ្ញុំ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា រួមបញ្ចូលទាំងគោលដៅទី១៨៖ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ភាពជាដៃគូដ៏យូរអង្វែងរបស់យើងកន្លងមក គឺមានមូលដ្ឋានលើការសហការ កិច្ចពិភាក្សា ភាពស្មោះត្រង់ តម្លាភាព និងការជួយគាំទ្រដល់គ្នាទៅវិញទៅមក។ យើងខ្ញុំសូមគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តភាពជាដៃគូនេះ ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា ខណៈពេលដែលពួកគេកំពុងបន្តប្រឹងប្រែងដើម្បីអនាគតដ៏ល្អប្រសើររបស់ពួកគេ។
កិច្ចប្រជុំប្រចាំឆ្នាំនៅឆ្នាំនេះ មានសារៈសំខាន់ជាពិសេសណាស់ ព្រោះធ្វើឡើងចំពេលដែលអង្គការសហប្រជាជាតិនៅកម្ពុជាកំពុងរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ គឺ ឆ្នាំ ២០២៤-២០២៨ ឱ្យស្របតាមគោលបំណងនៃការអភិវឌ្ឍរបស់កម្ពុជា។
នេះក៏ជាកិច្ចប្រជុំលើកទី ១ របស់យើងផងដែរ បន្ទាប់ពីការបន្ធូរបន្ថយវិធានការរឹតត្បិតជាច្រើន ដែលត្រូវបានអនុវត្តទូទាំងសាកលលោក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ ហើយបើទោះបីជា ការរាតត្បាតជា សាកលមិនទាន់ទៅណាឆ្ងាយពីយើងក៏ដោយ យើងខ្ញុំសូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំឆ្លើយតបចំពោះវិបត្តិនេះ ក៏ដូចជា ដោះស្រាយបញ្ហាសង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារវិបត្តិនេះ។ វិធានការទាំងនេះពិតជាបានជួយសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។
យើងសូមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការបោះជំហានដ៏ក្លាហានរបស់កម្ពុជា ដើម្បីពន្លឿនអន្តរកាលរបស់ខ្លួនឱ្យក្លាយជាទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ កាលពីឆ្នាំ២០២១ ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យទំាង ៣ ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)ជាលើកដំបូង ហើយកម្ពុជានឹងត្រូវវាយតម្លៃម្តងទៀតនៅឆ្នាំក្រោយនេះ។
បញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាកំពុងជួបប្រទះហើយដែលចាំបាច់ត្រូវធ្វើរួមគ្នានាពេលនេះ គឺត្រូវធានាថា បរិយាបន្នភាព និងចីរភាព ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍ ដោយមិនត្រូវទុកនរណាម្នាក់ចោល។
ការពិនិត្យឡើងវិញលើការអនុវត្ត UNDAF
សម្តេចតេជោនាយករដ្ឋមន្ត្រី
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី
ខ្ញុំសូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អំពីវឌ្ឍនភាព ដែលយើងសម្រេចបានរួមគ្នា ក្នុងការអនុវត្តក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (ហៅកាត់ថា UNDAF) ២០១៩ – ២០២៣ ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
UNDAF គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដែលសម្របសម្រួលការឆ្លើយតបរួមគ្នាទៅនឹងបញ្ហាប្រឈមសំខាន់ៗនានា។ អង្គការសហប្រជាជាតិពុំអាចធ្វើកិច្ចការងារនេះតែឯកឯងនោះទេ។ វា គឺជាក្របខណ្ឌនៃភាពជាដៃគូដែលស្របគ្នានឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជា។ ការវាយតម្លៃដោយឯករាជ្យលើ UNDAF ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ បានសន្និដ្ឋានថា អាទិភាពជាយុទ្ធសាស្ត្រនៅក្នុងក្របខ័ណ្ឌនេះពិតជាស្របគ្នានឹងគោលនយោបាយ និងអាទិភាពរបស់រដ្ឋាភិបាលពិតប្រាកដមែន។ ទន្ទឹមនឹងនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានផ្តល់អនុសាសន៍ដល់អង្គការសហប្រជាជាតិពង្រីកតួនាទីជាអ្នកដឹកនាំ និងអ្នកសម្របសម្រួលរបស់ខ្លួន ដើម្បីជួយធានាយ៉ាងណាឱ្យរាជរដ្ឋាភិបាលមានភាពជាម្ចាស់ពេញលេញលើសកម្មភាព និងផ្តល់ការគាំទ្រឱ្យចំគោលដៅសម្រាប់ការអនុវត្តគោលនយោបាយនានា។ យើងបាននិងកំពុងយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍នេះយ៉ាងហ្មត់ចត់។
ខ្ញុំសូមអនុញ្ញាតបង្ហាញពីអំពីវឌ្ឍនភាព និងលទ្ធផលដែលយើងសម្រេចបានរួមគ្នា ទៅតាមអាទិភាពជាយុទ្ធសាស្ត្រនីមួយៗ ក្នុងចំណោមអាទិភាពជាយុទ្ធសាស្ត្រទាំង៥ របស់ UNDAF៖
លទ្ធផលទី ១៖ បង្កើនឱកាសនៅក្នុងសង្គម
លទ្ធផលទី ១ បង្កើនឱកាសនៅក្នុងសង្គម៖ គាំទ្រដល់ការលើកកម្ពស់សេវាថែទាំសុខភាព ស្ថានភាពអាហារូបត្តម្ភ ការអប់រំ និងជំនួយសង្គម។ សកម្មភាពដែលសម្រេចបានលទ្ធផលនេះ បានរួមចំណែកដោះស្រាយចំពោះអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ និងបានជួយឱ្យសេវា និងកិច្ចការពារដល់ក្រុមជនងាយរងគ្រោះ កាន់តែមានភាពល្អប្រសើរ។
ដោយរួមសហការគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូនានា យើងបានកៀរគរការគាំទ្រពីអ្នកជំនាញ ក៏ដូចជាជំនួយហិរញ្ញវត្ថុ ដើម្បីបង្កើនគុណភាព និងលើកកម្ពស់ការទទួលបានការអប់រំ ការអភិវឌ្ឍជំនាញ និងការរៀនសូត្រពេញមួយជីវិត រាប់បញ្ចូលទំាងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀននៅគ្រប់កម្រិតទំាងអស់ផងដែរ។
ចំពោះការពង្រឹងប្រព័ន្ធសុខាភិបាល កិច្ចខិតខំប្រឹងប្រែងរបស់យើងបានផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ សេវាសុខភាពមាតានិងទារក ក៏ដូចជាកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិ។ ប្រទេសកម្ពុជាបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើនដូចជា៖ អត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ បានថយចុះជាងពាក់កណ្តាលចាប់តាំងពីឆ្នាំ២០១៤ មក លើសពីទិន្នន័យនៃវឌ្ឍនភាពកម្រិតសាកលលោក។ ចាប់តាំងពីឆ្នាំ ២០១៨ មក ពុំមានករណីបាត់បង់អាយុជីវិតដោយសារជំងឺគ្រុនចាញ់ត្រូវបានកត់ត្រានោះឡើយ។
ប្រទេសកម្ពុជាសម្រេចបានគោលដៅជំងឺអេដស៍ជាសាកលកាលពីឆ្នាំ ២០១៧ និងកំពុងតាក់តែងបង្កើតវិធីសាស្រ្តប្រកបដោយនិរន្តរភាពក្នុងការឈានទៅបញ្ចប់ជំងឺអេដស៍នៅទូទាំងប្រទេស។
អង្គការសហប្រជាជាតិធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគំាពារសង្គម ដើម្បីធានាឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដំបូងឡើយកម្មវិធីនេះ បានផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះជាង ៧០០ ០០០គ្រួសារ។ គិតត្រឹមឆ្នាំ២០២២ សមាជិកមូលនិធិសុខភាពប្រកបដោយសមធម៌ប្រមាណ ៣,២ លាននាក់ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ប្រមាណ២,៥៦លាននាក់ បានទទួលផលប្រយោជន៍ពីសេវាសុខាភិបាល និងរដ្ឋបាល។
លទ្ធផលទី ២៖ បង្កើនការពង្រីកឱកាសសេដ្ឋកិច្ច
លទ្ធផលទី ២ បង្កើនការពង្រីកឱកាសសេដ្ឋកិច្ច៖ មានគោលបំណងបង្កើនផលិតភាពសេដ្ឋកិច្ច គាំទ្រដល់កំណែទម្រង់ស្ថាប័ន និងធ្វើការជាមួយធុរកិច្ចនានាក្នុងការចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យា ដើម្បីប្រកួតប្រជែងឱ្យបានជោគជ័យក្នុងសេដ្ឋកិច្ចឌីជីថល បៃតង និងប្រកបដោយបរិយាបន្ន។
យើងក៏បានគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដើម្បីធ្វើពិពិធកម្ម សេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងនៅក្នុងខ្សែចង្វាក់តម្លៃសាកល។ យើងបានគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាពផលិតផលនេសាទ ក៏ដូចជាលើកស្ទួយឧស្សាហកម្មបៃតង និង មានលក្ខណៈប្រកួតប្រជែងដោយធ្វើការជាមួយសហគ្រាសចំនួនជាង៥០ និងមានកម្មករជាង ១៣០ ០០០ (ស្រ្តី៨០%)។
ដើម្បីបំពេញគម្លាតហិរញ្ញប្បទានសម្រាប់សហគ្រិនជាស្ត្រី កាលពីឆ្នាំ២០២២ អង្គការសហប្រជាជាតិបានផ្តល់ការធានាដល់កម្ចីជិត១០លានដុល្លាសហរដ្ឋអាមេរិក ក្រោមកម្មវិធីឥណទានសម្រាប់ស្ត្រី។
អង្គការសហប្រជាជាតិ ក៏បានផ្តល់ការគាំទ្រដើម្បីចេញសញ្ញាបណ្ណអធិបតេយ្យ(Sovereign Bond)ជាប្រាក់រៀល ដោយបានកៀរគរថវិកាបានចំនួន១៧,៦លានដុល្លារសហរដ្ឋអាមេរិក។
ដើម្បីពង្រីកឱកាសការងារសមរម្យប្រកបដោយផលិតភាព ដោយរួមគ្នាជាមួយរាជរដ្ឋាភិបាល និង វិស័យឯកជន យើងបានគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងគាំទ្រដល់កម្មវិធីអក្ខរកម្ម ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញឡើងវិញក៏ដូចជាបង្កើនកម្រិតជំនាញរបស់កម្មករនិយោជិតដែលបាត់បង់ការងារដោយសារវិបត្តិកូវីដ១៩ និងដល់យុវជន ដើម្បីឱ្យពួកគេអាចឆ្លើយតបចំពោះតម្រូវការទីផ្សារការងារ។
អ្វីដែលសំខាន់នោះ យើងបានបន្តជួយរាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន រួម ទំាងចូលរួមលើកកម្ពស់ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ផ្ទៃដីជិត ៩០ គីឡូម៉ែត្រការ៉េ ត្រូវបានប្រែក្លាយជាដីដែលមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ដែលផ្តល់ឱ្យប្រជាពលរដ្ឋងាយរងគ្រោះជាង១៨០ ០០០នាក់ នូវដីដែលលែងមានគ្រាប់មីនទៀតសម្រាប់ប្រើប្រាស់។
លទ្ធផលទី ៣៖ គាំទ្រដល់ការរស់នៅដោយចីរភាព
ក្រោមលទ្ធផលទី ៣ គាំទ្រដល់ការរស់នៅដោយចីរភាព៖ យើងបានធ្វើការជាមួយអាជ្ញាធរនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាជាមួយសហគមន៍ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែមានចីរភាព បង្កើនលទ្ធភាពទទួលបានរបបអាហារដែលទ្រទ្រង់សុខភាព មានលក្ខណៈចម្រុះមុខ ក្នុងតម្លៃសមរម្យ ព្រមទាំងបង្កើនសុវត្ថិភាពស្បៀង និងទឹក បង្កើនលទ្ធភាពទប់ទល់នឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។
ទិន្នន័យបានបង្ហាញថា សហគមន៍នៅតំបន់ជនបទ កាន់តែអាចទទួលបានទឹកស្អាត សេវាអនាម័យ បរិស្ថាន និងអនាម័យខ្លួនប្រាណច្រើនជាងមុន។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ សមាមាត្រប្រជាពលរដ្ឋនៅតំបន់ជនបទដែលទទួលបានយ៉ាងហោចណាស់ទឹកសម្រាប់បរិភោគជាមូលដ្ឋានកើនឡើងពី៥៤% ដល់៧៨% ហើយអ្នកដែលទទួលបានសេវាបង្គន់អនាម័យកម្រិតមូលដ្ឋាន ក៏បានកើនឡើងពី៣៩% ដល់៧៦%។
យើងបានកៀរគរអ្នកជំនាញ ដើម្បីជួយពង្រឹងយន្តការសម្របសម្រួល បឋនីយជីវមណ្ឌលបឹងទន្លេសាប ដើម្បីជួយឱ្យការងារអភិរក្ស និងគ្រប់គ្រងបរិស្ថានកាន់តែប្រសើរមួយកម្រិតទៀត។ លើសពីនេះ ក៏មានការផ្តល់ជំនួយដល់ការងារពង្រឹងការអភិរក្ស និងគ្រប់គ្រងធនធានជលផល ដែលរួមចំណែកធ្វើឱ្យវិស័យនេះមានកំណើនប្រកបដោយចីរភាព ដូចជាការកែលម្អប្រព័ន្ធរាយការណ៍ពីករណីនេសាទខុសច្បាប់ដែលពុំមានការគ្រប់គ្រងត្រឹមត្រូវជាដើម។
ចំពោះសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អង្គការសហប្រជាជាតិបានគាំទ្រដល់ ការប្តេជ្ញាថ្នាក់ជាតិរបស់កម្ពុជា (NDC) និងយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូនរយៈពេលវែង ជាមួយនឹងគោលដៅឆ្នាំ២០៥០ ដែលជាឯកសារគោលនយោបាយដំបូងនៅក្នុងអាស៊ាន។ យើងក៏បានគាំទ្រដល់ការវិភាគអំពីផលប៉ះពាល់ សេដ្ឋកិច្ចបង្កដោយការប្រែប្រួលអាកាសធាតុទៅលើការរីកចំរើនសេដ្ឋកិច្ច និងវាយតម្លៃនូវភាពបត់បែនបាន បន្ស៊ាំនឹងប្រភពហិរញ្ញប្បទាននវានុវត្តន៍សម្រាប់កាបូនតិច និងការរីកចំរើនដែលមានភាពធន់ រួមទាំងហិរញ្ញប្ប ទានកាបូន និងសញ្ញាបណ្ណបៃតង (green bonds)។
លទ្ធផលទី ៤៖ ពង្រឹងការចូលរួម និងគណនេយ្យភាព
លទ្ធផលទី ៤ ពង្រឹងការចូលរួម និងគណនេយ្យភាព៖ ផ្តោតលើការធ្វើឱ្យប្រសើរនូវយន្តការដោះស្រាយបណ្តឹង ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី និងយន្តការពង្រឹងកិច្ចការពារកុមារ ភាគរយស្ត្រីដែលទទួលរងអំពើហិង្សាពីដៃគូស្និទ្ធស្នាលថយចុះពី១៩,៦% មកនៅ១៣% ចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០២១។
កម្មវិធីរបស់អង្គការសហប្រជាជាតិបានផ្តល់ការគាំទ្រដល់ការរៀបចំច្បាប់ យុទ្ធសាស្ត្រ និងគោលនយោបាយជាច្រើន ឱ្យមានសង្គតិភាពជាមួយនឹងបទដ្ឋាន និងស្តង់ដារអន្តរជាតិ ក៏ដូចជាជួយឱ្យក្រុមដែល ដែលងាយរងគ្រោះអាចចូលរួមនៅក្នុងកិច្ចអភិវឌ្ឍន៍។
យើងបានគាំទ្រដល់កម្មវិធីអប់រំផ្សព្វផ្សាយ ដូចជាយុទ្ធនាការ PROTECT ដែលជាយុទ្ធនាការផ្លាស់ប្តូរឥរិយាបថនៅកម្ពុជា ដោយបានផ្សព្វផ្សាយសារ ទប់ស្កាត់អំពើហិង្សាលើកុមារ ដល់កុមារ មាតាបិតា អាណាព្យាបាល អ្នកផ្តល់ការថែទាំ និងសមាជិកសហគមន៍សំខាន់ៗប្រមាណ ៥លាននាក់។
យើងបានកៀរគរអ្នកជំនាញ ដើម្បីជួយពង្រឹងសមត្ថភាពផលិតទិន្នន័យរបស់រាជរដ្ឋាភិបាល កែលម្អស្ថិតិសម្រាប់ប្រើប្រាស់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការពិនិត្យតាមដាន។ យើងបានគាំទ្រដល់ការធ្វើជំរឿនប្រជាជន អន្តរជំរឿន ការអង្កេតសង្គមសេដ្ឋកិច្ចកម្ពុជា (CSES)ការអង្កេតកសិកម្ម និងការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS)។
លទ្ធផលទី ៥៖ ការគ្រប់គ្រងនគរូបនីយកម្ម
លទ្ធផលទី ៥ ការគ្រប់គ្រងនគរូបនីយកម្ម៖ បានជួយឱ្យទីក្រុងជាច្រើនកាន់តែមានបរិយាបន្ន តាម រយៈការសហការជាមួយសហគមន៍ដែលងាយរងគ្រោះ សំដៅធានាយ៉ាងណាឱ្យសំឡេងរបស់ពួកគេត្រូវបានស្តាប់ឮ ជុំវិញរបៀប ដែលទីក្រុងនានាត្រូវបានរចនា និងដំណើរការ និងក្នុងការគាំទ្រដល់អាជ្ញាធរក្រុង ដើម្បីផ្តល់សេវាកាន់តែប្រសើរ ដូចជាសេវាសុខភាព និងសេវាពាក់ព័ន្ធនឹងមេរោគអេដស៍ជាដើម។ យើងបានធ្វើការជាមួយអាជ្ញាធរក្រុង ដើម្បីជួយឱ្យប្រជាពលរដ្ឋកាន់តែទទួលបានទឹកស្អាត និងសេវាអនាម័យផងដែរ។
នៅកម្រិតគោលនយោបាយវិញ យើងបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំវេទិកាទីក្រុងនៅកម្ពុជា គាំទ្រដល់ការរៀបចំគោលនយោបាយជាតិស្តីពីទីក្រុងដែលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក៏ដូចជាជួយដល់គណៈកម្មាធិការសម្របសម្រួល និងដឹកនាំទីក្រុងឆ្លាត ក្នុងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់រៀបចំយុទ្ធសាស្ត្រ និងក្របខ័ណ្ឌទីក្រុងឆ្លាត។
ការឆ្លើយតបចំពោះជំងឺកូវីដ១៩
សម្តេចតេជោនាយករដ្ឋមន្ត្រី
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីគោរព
ចំពោះបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ អង្គការសហប្រជាជាតិបានផ្តល់ជំនួយគាំទ្រដល់ការ ត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះការរីករាលដាលជំងឺកូវីដ១៩ រួមមានដូចជា៖ ការត្រៀមលក្ខណៈ នៅថ្នាក់មូលដ្ឋាន ការចាក់វ៉ាក់សាំង និងការបណ្តុះបណ្តាលថ្មីៗសម្រាប់សមាជិកក្រុមការងារឆ្លើយតបរហ័សចំនួន ជាង ៣០០០នាក់ ដើម្បីតាមដានស្វែងរកអ្នកពាក់ព័ន្ធ។ វិភាគទានរបស់យើង គឺផ្តោតលើកិច្ចការពារក្រុម ងាយរងគ្រោះ និងគាំទ្រការបន្តសេវាសុខាភិបាល និងសេវាសង្គមចាំបាច់នានា។ ប្រជាពលរដ្ឋកម្ពុជាជាង ១០លាននាក់ បានទទួលសារអប់រំអំពីហានិភ័យ និងការការពារជំងឺកូវីដ១៩ សិស្សប្រមាណ ២,៨ លាននាក់បានទទួលការគាំទ្រឱ្យពួកគេអាចបន្តការសិក្សាក្នុងអំឡុងពេលដែលសាលារៀនត្រូវបិទទ្វារដោយសារជំងឺកូវីដ១៩ និងមានពលករទេសន្តរប្រវេសន៍ ដែលបានត្រលប់មកពីប្រទេសថៃជិត ២០០ ០០០នាក់ បានទទួលជំនួយឧបត្ថម្ភផងដែរ។
ធាតុផ្សំដ៏សំខាន់មួយនៃការឆ្លើយតបចំពោះជំងឺកូវីដ១៩ នៅកម្ពុជា ដែលផ្តល់ជាគំរូសម្រាប់ប្រទេសដទៃទៀត គឺការកសាងសមត្ថភាពត្រៀមគ្រប់គ្រងវិបត្តិនាពេលអនាគត។ ដើម្បីសម្រេចគោលដៅនេះ យើងបានគាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការមេស្តីពីការឆ្លើយតបចំពោះជំងឺកូវីដ១៩ របស់កម្ពុជា ដែលក្នុងនោះមានសមាសភាគដ៏សំខាន់មួយ គឺផ្តោតលើការត្រៀមប្រព័ន្ធសុខាភិបាល ដើម្បីទប់ទល់នឹងស្ថានភាពអាសន្ននាពេលអនាគត។
កំណែទម្រង់របស់អង្គការសហប្រជាជាតិ និង UNSDCF ថ្មី
សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេច ឯកឧត្តម លោកជំទាវ ជាទីគោរព
ខ្ញុំសូមអនុញ្ញាតបន្តជម្រាបជូនដោយសង្ខេបអំពីកំណែទម្រង់អង្គការសហប្រជាជាតិ មុននឹងខ្ញុំបញ្ចប់បទអន្តរាគមន៍នេះ ជាមួយនឹងការបង្ហាញពីទិដ្ឋភាពរួមទូទៅ នៃក្របខ័ណ្ឌសហប្រតិបត្តិការថ្មីសម្រាប់ឆ្នាំ ២០២៤-២០២៨។
ដោយហេតុថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាគោលដៅដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា វាទាមទារឱ្យប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ត្រូវប្រើប្រាស់អភិក្រមដែលកាន់តែមានលក្ខណៈសមាហរណកម្មរួមបញ្ចូលគ្នា និងត្រូវតម្រឹមឱ្យកាន់តែស្របតាមអាទិភាពរបស់ជាតិ។
ក្របខ័ណ្ឌសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ គឺជាឧបករណ៍រួមមួយសម្រាប់រៀបចំផែនការ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ទាំងអស់របស់អង្គការសហប្រជាជាតិនៅតាមប្រទេសនីមួយៗ។ តួនាទី និងមុខងាររបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា មិននៅជាមួយនឹងអាណតិ្ត របស់ UNDP ទៀតនោះឡើយ ដែលការណ៍នេះអនុញ្ញាតឱ្យអ្នកសម្របសម្រួលមានភាពជាអ្នកដឹកនាំដែលមានសិទ្ធិអំណាច និងអព្យាក្រិតភាព ទៅលើក្រុមការងារប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិ ដើម្បីឱ្យសម្រេចតាមគោលដៅដែលត្រូវបានដាក់ចេញនៅក្នុងក្របខ័ណ្ឌនេះ រួមគ្នាជាមួយនឹងរដ្ឋាភិបាលនៅថ្នាក់ជាតិ ក៏ដូចជាជាមួយតួអង្គពាក់ព័ន្ធដទៃទៀត ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
យើងកំពុងរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (ហៅកាត់ថា UNSDCF) (២០២៤-២០២៨) ដើម្បីជួយរាជរដ្ឋាភិបាលក្នុងដំណើរផ្លូវឆ្ពោះទៅសម្រេចផែនការអភិវឌ្ឍជាតិជាយុទ្ធសាស្រ្ត ដោយមិនទុកនរណាម្នាក់ចោល។ គោលការណ៍ចំនួន ៤ ដែលជាមគ្គុទេ្ទសក៍តម្រង់ទិសដល់ការរៀបចំគ្រប់ក្របខ័ណ្ឌសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិរួមមាន៖
- អភិក្រមឈរលើគោលការណ៍សិទ្ធិមនុស្ស ដោយធានាថា មិនមាននរណាម្នាក់ត្រូវបានទុកចោល (LNOB)
- សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី
- ចីរភាព និងភាពធន់
- គណនេយ្យភាព
នៅក្នុងការរៀបចំក្របខ័ណ្ឌនេះ យើងបានអនុវត្តដំណើរការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយរាជរដ្ឋាភិបាល និងដៃគូដទៃទៀត ដែលនាំឱ្យមានការដាក់ចេញនូវ លទ្ធផល (អាទិភាព) យុទ្ធសាស្ត្រចំនួន ៤ ៖
លទ្ធផលទី ១ ការអភិវឌ្ឍសង្គម
អង្គការសហប្រជាជាតិនឹងផ្តល់ការគាំទ្រដល់គោលដៅជាតិរយៈពេលវែង ដូចជា ការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម ការគ្របដណ្តប់សុខភាពជាសាកល ការបង្កើនការការពារពីរាល់ទម្រង់នៃបញ្ហា អាហារូបត្ថម្ភ និងការផ្តល់ការអប់រំ និងការអភិវឌ្ឍជំនាញដែលកាន់តែមានគុណភាព ស្របតាមគោលដៅសិក្សាពេញមួយជីវិត។
លទ្ធផលទី ២ ការអភិវឌ្ឍសេដ្ឋកិច្ច
អង្គការសហប្រជាជាតិនឹងសហការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជួយប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានបរិយាបន្ន ប្រសិទ្ធភាព បន្ស៊ាំទៅនឹងអាកាសធាតុ និងកាន់តែមានលក្ខណៈក្នុងប្រព័ន្ធ តាមរយៈការគាំទ្រដល់ការចាកចេញរបស់កម្ពុជាពីស្ថានភាពជាប្រទេសដែលមានការអភិវឌ្ឍតិចតួច លក្ខខណ្ឌការងារកាន់តែសមរម្យ និងកាន់តែមានសុវត្ថិភាព បង្កើនផលិតភាពទីផ្សារការងារ និងខ្សែចង្វាក់តម្លៃ កាត់បន្ថយការបំពុលបរិស្ថាន និងអន្តរកាលទៅរកថាមពលកាន់តែស្អាត។
លទ្ធផលទី ៣ បរិស្ថាន
ឆ្លើយតបចំពោះវិបត្តិទាំង៣របស់ភពផែនដី ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុល យើងនឹងគាំទ្រដល់ការអភិរក្ស ការការពារ និងការស្តារឡើងវិញធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ក្នុងភាពជាដៃគូរ ចូលរួមកាត់បន្ថយការបំពុលខ្យល់ ទឹក និងដី ព្រមទាំងមានការត្រួតពិនិត្យគ្រប់គ្រងសារធាតុបង្កគ្រោះថ្នាក់បានកាន់តែប្រសើរ។ យើងនឹងពន្លឿនផ្តល់ការគាំទ្រដល់ការបង្កើនសមត្ថភាពបន្ស៊ាំខ្លួនរបស់ប្រព័ន្ធ និងសហគមន៍ទៅនឹងគ្រោះមហន្តរាយ/ការប្រែប្រួលអាកាសធាតុ ក៏ដូចជាពង្រឹងគោលនយោបាយអភិបាលកិច្ច និងដំណើរការនៃទីផ្សារកាបូនស្របតាមយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូនរយៈពេលវែងរបស់កម្ពុជា។
លទ្ធផលទី ៤ បរិវត្តកម្មសង្គម
យើងនឹងគាំទ្រដល់ការអភិវឌ្ឍស្ថាប័នប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ដើម្បីលើកកម្ពស់បរិយាបន្ន និងភាពចុះសម្រុងគ្នានៅក្នុងសង្គម ក៏ដូចជាពង្រឹងកិច្ចសន្យាសង្គម តាមរយៈកិច្ចការពារសិទ្ធិមនុស្ស និងនីតិរដ្ឋ និងកាតព្វកិច្ចអន្តរជាតិនានា។ ឱកាសសម្រាប់ពង្រីកការចូលរួម ក្នុងកិច្ចអភិវឌ្ឍន៍ លំហសម្រាប់ពលរដ្ឋ និងការធ្វើសេចក្តីសម្រេចចិត្ត ក៏ដូចជាការលើកកម្ពស់សមភាព យេនឌ័រ ការបង្កើនភាពអង់អាចរបស់ស្ត្រី និងការឆ្លើយតបទប់ស្កាត់ការរើសអើង អំពើហិង្សា និងការអនុវត្តដែលអាចបង្កគ្រោះថ្នាក់ដទៃទៀត។ យើងនឹងគាំទ្រដល់ការប្រើប្រាស់ទិន្នន័យឱ្យបានត្រឹមត្រូវជាមូលដ្ឋានភស្តុតាងផ្អែកលើគោល នយោបាយ និងការកិច្ចពិភាក្សាជាសាធារណៈដែលមានលក្ខណៈថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ។ លើសពីនេះ ទៀត យើងក៏នឹងទាញប្រយោជន៍ពីបរិវត្តកម្មឌីជីថល ដើម្បីឈានទៅសម្រេចអាទិភាពក្រោមលទ្ធផលនេះ ក៏ដូចជាបញ្ចូលធាតុផ្សំដ៏សំខាន់នេះទៅក្នុងគ្រប់លទ្ធផលដទៃទៀត។
សេចក្តីលម្អិតនៃក្របខ័ណ្ឌនេះអាចនឹងរៀបចំរួចរាល់នៅខែឧសភាឆ្នាំនេះ ហើយដូចដែលបានឯកភាពគ្នាកន្លងមក គឺថាការរៀបចំក្របខ័ណ្ឌនេះនឹងត្រូវបញ្ចប់ និងចុះហត្ថលេខាជាផ្លូវការ ក្រោយការបោះឆ្នោត នៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី។
សេចក្តីសន្និដ្ឋាន
សម្តេចតេជោនាយករដ្ឋមន្ត្រី
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីគោរព
កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺជាផ្នែកមួយដ៏សំខាន់នៃភាពជាដៃគូរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការធានាយ៉ាងណាឱ្យក្របខ័ណ្ឌសហប្រតិបត្តិការរបស់យើង ស្របតាមទិសដៅរបស់រដ្ឋាភិបាល និងទទួលបានការគាំទ្រពីរដ្ឋាភិបាល គឺជាអ្វីដែលសំខាន់ និងចាំបាច់។ ដូចពេលកន្លងមកដែរ គឺថា មានចំណុចដែលអាចកែលម្អបន្ថែមទៀត ហើយយើងរីករាយស្វាគមន៍មិនត្រឹមតែការគាំទ្ររបស់សម្តេច ឯកឧត្តម លោកជំទាវ ប៉ុណ្ណោះទេ ថែមទាំងមតិត្រឡប់ ទស្សនៈ និងយោបល់ របស់សម្តេច ឯកឧត្តម លោកជំទាវ ក៏ដូចជាសហសេវិកទាំងអស់។
ដូចគ្នាដែរ យើងក៏សូមគូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់យើងធ្វើជាដៃគូដ៏ស្មោះត្រង់ - ផ្តល់យោបល់នៅពេលដែលយោបល់នោះមានប្រយោជន៍ លើកឡើងពីក្តីបារម្ភនៅពេលដែលក្តីបារម្ភទាំងនេះមានភាពសមស្រប និងនៅតែតាំងចិត្តឥតងាករេ ក្នុងការកសាងភាពជាដៃគូយូរអង្វែង ប្រកបដោយការជឿទុកចិត្តគ្នា ទៅតាមចំណុចខ្លាំងរៀងៗខ្លួនរបស់យើង ដើម្បីជួយសម្រេចបានសេចក្តីល្អបំផុត គឺ វិបុលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា។
[ចប់]