អង្គការសហប្រជាជាតិប្រចាំកម្ពុជា ពិព័រណ៍អនាគតយុវជនផ្ដល់សិទ្ធិអំណាចដល់យុវជន ដើម្បីរៀបចំអនាគតមួយប្រកបដោយចីរភាព
23 October 2023
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា – អង្គការសហប្រជាជាតិប្រចាំកម្ពុជាពិព័រណ៍អនាគតយុវជន ក្រោមប្រធានបទ “សកម្មភាពអ្នក - អនាគតអ្នក” ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន - សកលវិទ្យាល័យភូមិន្ទភ្នំពេញ (CJCC-RUPP)។ ពិព័រណ៍នេះ បានផ្ដល់ឱកាសឱ្យយុវជនរាប់ពាន់នាក់មកពីមជ្ឈដ្ឋានចម្រុះបានជួបជុំគ្នា ដើម្បីពួកគេបានទទួលសិទ្ធិអំណាច និងចូលរួមក្នុងការរៀបចំអនាគតមួយប្រកបដោយចីរភាព។

ព្រឹត្តិការណ៍នេះ ត្រូវបានរួមសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា អង្គការសហប្រជាជាតិប្រចាំកម្ពុជារួមមានដូចជា មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) យូនីសេហ្វ (UNICEF) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) UNAIDS កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្ដាញយុវជន និងវិស័យឯកជន។
ពីព័រណ៍អនាគតយុវជន គឺជាស៊េរីនៃសកម្មភាពកម្រិតខ្ពស់បំផុតមួយដែលបាននាំមកនូវការជួបជុំរបស់យុវជនដើម្បីពិភាក្សាប្រកបដោយប្រឌិតញាណ និងចែករំលែកគំនិតនិងដំណោះស្រាយស្តីពីបញ្ហាគន្លឹះមួយចំនួនដែលបង្ករផលប៉ះពាល់ដល់យុវជនសម័យបបច្ចុប្បន្ន។ នៅទីកន្លែងពិព័រណ៍ផ្ទាល់ អ្នកចូលរួមបានពិភាក្សា, ជជែកដេញដោល រៀនសូត្រពីអ្នកជំនាញ និងបង្កើតបណ្ដាញ។ ក្នុងផ្នែកមួយនៃពិព័រណ៍ មានវេទិកាប្រឌិតញាណមួយចំនួនអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សុខភាពផ្លូវភេទនិងបន្តពូជ សិទ្ធិនិងជម្រើស សិទ្ធិមនុស្ស សមភាពយេនឌ័រ ជំនាញបៃតង យុវជននិងការអប់រំ។ ពិព័រណ៍នោះ ដាក់វិញ្ញាសារឱ្យយុវជនបង្កើតគំនិតនិងដំណោះស្រាយ – និងបង្កើតបណ្ដាញរវាងគ្នានិងគ្នា ហើយបានរកឃើញនូវដំណោះស្រាយសម្រាប់ធ្វើសកម្មភាព។ ពិព័រណ៍ ក៏បានដាក់វិញ្ញាសារឱ្យយុវជនគិតគូរពីអនាគតដែលពួកគេចង់ឃើញក្នុង “ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់” តាមរយៈសិល្បៈប្រឌិតញាណ និងកិច្ចសន្ទនា។

ផ្នែកមួយនៃពិព័រណ៍, “ការប្រកួតប្រជែងស្នារដៃសិល្បៈ” ត្រូវបានរៀបចំឡើង, ជាមួយនឹងពិព័រណ៍ដែលបង្ហាញពីទេពកោសល្យនៃសិល្បករវ័យក្មេង។ ការប្រកួតប្រជែងនេះ បានផ្ដល់វេទិកាសម្រាប់អ្នកចូលរួមបញ្ចេញទស្សនៈសម្រាប់អនាគតប្រកបដោយចីរភាពតាមរយៈសិល្បៈ។ ជ័យលាភី ត្រូវបានប្រកាសនិងទទួលរង្វាន់លើកទឹកចិត្តនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្ទាល់, ដោយជម្រុញទឹកចិត្តយុវជនឱ្យបន្ដស្វែងយល់ពីសមត្ថភាពសិល្បៈរបស់ពួកគេ និងរួមចំណែកលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសង្គមស្មើភាព។
សង្ខេបចំណុចសំខាន់ៗនៃព្រឹត្តិការណ៍៖
- យុវជនជាង ១ ០០០ នាក់ មកពីមជ្ឈដ្ឋានផ្សេងៗបានចូលរួមក្នុងពិព័រណ៍, រួមមាន សិស្ស-និស្សិត, សកម្មជនយុវជន, សហគ្រិនវ័យក្មេង, និងសិល្បករ។
- វេទិកាប្រឌិតញាណ - យុវជនម្នាក់ៗមានឱ្យកាសបញ្ចេញនូវទស្សនៈរបស់ខ្លួន, រៀនសូត្រពីអ្នកជំនាញ, បង្កើតបណ្ដាញ, ពិភាក្សានិងរួមចំណែករៀបចំគោលនយោបាយនិងគំនិតផ្ដួចផ្ដើមដែលមានផលប៉ះពាល់ដល់អនាគតពួកគេ។
- “ការប្រកួតប្រជែងសិល្បៈ” បង្ហាញពី ទេពកោសល្យប្រឌិតញាណរបស់សិល្បករវ័យក្មេង និងបានផ្ដល់នូវវេទិកាសម្រាប់ពួកគេបញ្ចេញនូវទស្សនៈសម្រាប់អនាគតប្រកបដោយចីរភាព។ ក្នុងចំណោម ៦៨ ប្រទេស, ជ័យលាភី ចំនួន ១០ រូប បានទទួលពាន និងរង្វាន់ជាសាច់ប្រាក់លើកទឹកចិត្តនិងសិល្បកម្មដ៏ប៉ិនប្រសប់។
- ពិព័រណ៍ក៏មានតាំងនូវបញ្ជ(ស្តង់)ជាង ៣០ ពី អង្គការដៃគូ, បណ្ដាញយុវជន និង ទីភ្នាក់ងារអង្គការសហប្រជាជាតិ, បានផ្ដល់នូវ សកម្មភាពអន្តរកម្ម, សម្ភារអប់រំ, ការភ្ញាក់ផ្អើល, និងរង្វាន់ជាច្រើន។ តាមរយៈបញ្ជទាំងនោះ យុវជនបានភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នក្នុងស្រុកនានា បានរៀនសូត្រពីគំនិតផ្ដួចផ្ដើមនិងសេវាកម្មរបស់គេ ហើយបានស្វែងយល់ពីជម្រើសសក្ដានុពលក្នុងការចូលរួម។
“យុវជន គឺជាអនាគតនៃប្រទេសជាតិ, ហើយចាំបាច់ណាស់ដែលយើងត្រូវវិនិយោគលើការអប់រំនិងបណ្ដុះបណ្ដាលពួកគេ ដើម្បីពូកគេអាចចាប់យកជំនាញដែលត្រូវការដើម្បីធ្វើឱ្យជោគជ័យក្នុងសេដ្ឋកិច្ចសតវត្សរ៍ទី២១នេះ។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើតនូវបរិស្ថានសមស្របមួយក្នុងការជម្រុញការអប់រំនិងបណ្ដុះបណ្ដាលសម្រាប់យុវជន ធ្វើដូច្នេះ យើងអាចទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាព និងកសាងសង្គមមួយដែលមាន អារ្យធម៌ខ្ពង់ខ្ពស់ សីលធម៌ សមធម៌ នវានុវត្តនិងបរិស្ថានមេត្រី” នេះជាប្រសាសន៍ ឯកឧត្តម ចឹក លីម អគ្គនាយករងយុវជន នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន ក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រី Sandra Bernklau តំណាង UNFPA ប្រចាំកម្ពុជា និងជាតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ ទាំងអស់នៅឯពិព័រណ៍អនាគតយុវជន មានប្រសាសន៍ថា “ការទាញយកទស្សនៈពេលលេញរបស់យុវជនតម្រូវឱ្យមានការសម្របសម្រួលនៅទីកន្លែងដែលមានសុវត្ថិភាព ច្នៃប្រឌិត និងនវានុវត្តន៍ ដែលនឹងអនុញ្ញាតឱ្យមានការចូលរួម និងការបញ្ចេញមតិរបស់យុវជនយើង។ នៅក្នុងពិភពលោកដែលមានប្រជាជន ៨ពាន់លានលាន ដែលកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុដែលកំពុងកើនឡើង និងបញ្ហាជាច្រើនទៀត តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីធ្វើឱ្យសហគមន៍របស់អ្នកក្លាយជាកន្លែងប្រសើរជាងមុន? តើអ្នកមានការពាក់ព័ន្ធទេ? តើអ្នកកំពុងចាត់វិធានការ អ្វីដែរឬទេ? ខ្ញុំសូមលើកទឹកចិត្តដល់យុវជនឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ចូលរួមក្នុងបណ្តាញយុវជន ជាផ្នែកមួយនៃដំណោះស្រាយ និងចាប់ផ្តើមធ្វើសកម្មភាព។”
![]()
រូបថត៖ ©UNCambodia/2023អ្នកចូលរួមពិព័រណ៍អនាគតយុវជន កញ្ញា ស្រី នាង អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកគណនេយ្យ នៃសកលវិទ្យាល័យវ៉ាន់ដា មានចំណាប់អារម្មណ៍៖ “ពិព័រណ៍អនាគតយុវជន មានភាពអស្ចារ្យ និងខុសប្លែកពីពិព័រណ៍ផ្សេងៗ ដែលខ្ញុំបានចូលរួម។ នៅស្តង់នីមួយៗ ខ្ញុំបានរៀនបន្ថែមទៀតអំពីប្រធានបទផ្សេងៗ ដូចជាការធ្វើចំណាកស្រុកដោយសុវត្ថិភាពដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក ក៏ដូចជាបញ្ហាកុមារ និងសេវាសុខភាព និងសង្គមផ្សេងៗទៀត។ ខ្ញុំសូមលើកទឹកចិត្តយុវជនទាំងអស់យកចិត្តទុកដាក់និងឱ្យចូលរួមព្រឹត្តិការណ៍បែបនេះតាមដែលអាចធ្វើទៅបាន ដើម្បីស្វែងយល់បន្ថែមនូវព័ត៌មានថ្មី និងបង្កើតទំនងទំនងជាមួយនឹងយុវជនមកពីមជ្ឍដ្ឋានផ្សេងៗទៀត។”
យុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងស្នាដៃសិល្បៈ ជំហានបន្ទាប់នៃសិល្បៈ លោក វ៉ាន់ វាត អាយុ២៥ឆ្នាំ មកពីខេត្តព្រៃវែង មានចំណាប់អារម្មណ៍៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលបានបង្ហាញពីសមត្ថភាព និងជំនាញសិល្បៈដ៏អស្ចារ្យរបស់ខ្ញុំទៅកាន់សាធារណៈជន។ នេះគឺជាការបំផុសគំនិត និងលើកទឹកចិត្តដល់យុវជន ជំនាន់ក្រោយបង្ហាញនូវជំនាញរបស់ពួកគេ។ ខ្ញុំចង់ឱ្យពួកគេយល់ថាពួកគេសំខាន់ ហើយគ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ ឱ្យតែយើងបន្តព្យាយាម និងមិនបោះបង់ ធ្វើឱ្យអស់ពីសមត្ថភាព កុំភ័យខ្លាច ហើយបង្ហាញទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការសម្រេចគោលដៅរបស់អ្នកយើង។ ខ្ញុំសង្ឃឹមថាខ្លឹមសារទាំងអស់ដែលខ្ញុំបានបង្កើតផ្សព្វផ្សាយល់បណ្តាញសង្គមនឹងជំរុញទឹកចិត្តយុវជន លើកទឹកចិត្ត និងឱ្យតម្លៃមនុស្សដែលមានទេពកោសល្យ និងលើកទឹកចិត្តពួកគេឱ្យអស់ពីកំលាំងចិត្ត និង ដោយការគាំទ្រ។”
ពិព័រណ៍អនាគតយុវជន គឺជាព្រឹត្តិការណ៍រួមគ្នាដ៏អស្ចារ្យរបស់អង្គការសហប្រជាជាតិដែលបានផ្ដល់ឱ្យយុវជននូវវេទិកាសម្រាប់ពិភាក្សាបញ្ហាសំខាន់ៗដែលនឹងមានផលប៉ះពាល់ដល់ជីវិតនិងអនាគតពួកគេ។ ពិព័រណ៍នេះបានផ្ដល់វេទិកាសម្រាប់យុវជនចូលរួម, រៀនសូត្រ, និងសហការ, ហើយបានបំពាក់ឱ្យពួកគេនូវឧបករណ៍និងការលើកទឹកចិត្តដែលចាំបាច់ក្នុងការធ្វើឱ្យមានភាពខុសប្លែកក្នុងសហគមន៍ដែលពួកគេរស់នៅ និងដើម្បីតម្រែតម្រង់កម្ពុជាមួយដែលគេចង់បាន។



