ជំនួបប្រចាំឆ្នាំ រវាងក្រុមការងារអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សុន្ទរកថារបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា
(សូមផ្ទៀងផ្ទាត់ជាមួយការថ្លែងជាក់ស្តែង)
ជាបឋម សូមគោរព៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក លោកស្រី ជាទីមេត្រី!
ជម្រាបសួរ តាំងនាមឲ្យប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ឱកាសពិនិត្យមើលភាពជាដៃគូរយូរអង្វែងរវាងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីជាទីគោរព!
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរជាពិសេសលើ៣ចំណុច នៃទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា រួមមាន ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ការរក្សាសន្តិភាព និងជំនួបប្រចាំឆ្នាំ។ អង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានដឹកនាំជំនួបប្រចាំឆ្នាំឡើងវិញកាលពីឆ្នាំមុន បន្ទាប់ពីការរាតត្បាតជំងឺកូវីដ ១៩ ជាសាកល ព្រមទាំងឱកាសនៃជំនួបជាលើកទី១ ជាមួយសម្តេចធិបតី និងរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី នាថ្ងៃនេះ។
ការចូលរួមជាប្រពៃណីក្នុងបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា នៅតែបន្តក្នុងកម្រិតពិភពលោក ថែមទាំងសម្រេចបានលើសគោលដៅ សម្រាប់វត្តមានកងកម្លាំងរក្សាសន្តិភាពជាស្ត្រី រួមជាមួយនឹងការងាររបស់ អ.វ.ត.ក បានបន្តផ្តល់ឱកាសឲ្យកម្ពុជា ចែករំលែកបទពិសោធន៍ទាំងនេះទៅកាន់ពិភពលោក។ អង្គការសហប្រជាជាតិត្រៀមខ្លួនជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះបន្តទៀត។
ជំនួបប្រចាំឆ្នាំកាលពីឆ្នាំមុន បានផ្តោតលើការគាំពារសង្គម និងការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា។ អង្គការសហប្រជាជាតិ សូមចូលរួមអបអរសាទរដល់រាជរដ្ឋាភិបាល ចំពោះវឌ្ឍនភាព ដែលរាជរដ្ឋាភិបាលសម្រេចបានលើកិច្ចការងារសំខាន់ៗទាំងពីរខាងលើ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយអង្គការសហប្រជាជាតិ ក៏នៅតែបន្តជួយគ្រាំទ្រយ៉ាងពេញទំហឹង ដល់ការងារទាំងនេះបន្តទៀត។
ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសមាជិករាជរដ្ឋាភិបាលនៅគ្រប់កម្រិតទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ។ ភាពជាដៃគូររវាងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិ ត្រូវបានកសាងដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃតម្លាភាព កិច្ចពិគ្រោះយោបល់ និងការសហការ។ ខណៈពេលដែលភាពជាដៃគូនេះមានការវិវត្តជាប្រចាំ វានៅតែផ្តោតសំខាន់ ទៅលើបេសកកម្មរួមរបស់យើង ដើម្បីកសាងអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព យុត្តិធម៌ និងចីរភាព សម្រាប់មនុស្សគ្រប់រូបនៅកម្ពុជា។
នៅពេលដែលកលិយុគក្នុងសាកលលោក និងការប្រែប្រួលអាកាសធាតុ បន្តបង្កផលប៉ះពាល់មកលើចក្ខុវិស័យសេដ្ឋកិច្ចនៅថ្នាក់តំបន់ និងនៅថ្នាក់ជាតិ ភាពជាដៃគូរបស់យើង កំពុងស្ថិតនៅដំណាក់កាលមួយដ៏សំខាន់។ ការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមអនុវត្ត ដោយបានតម្រឹមយ៉ាងខ្ជាប់ខ្ជួន ស្របតាមអាទិភាពរបស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងរបៀបវារៈឆ្នាំ២០៣០ ក៏ដូចជាដំណើរការនៃការចាកចេញ ពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា។ អង្គការសហប្រជាជាតិ មានអាណត្តិដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចមហិច្ឆតាទាំងនេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីជាទីគោរព!
សុន្ទរកថារបស់ខ្ញុំនៅរសៀលនេះ ចែកចេញជា ៣ផែ្នក ដោយផ្តោតលើរបៀបដែលយើងអាចពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់មហិច្ឆតាកម្ពុជាឆ្នាំ២០៥០៖
- ផ្នែកទី ១ ខ្ញុំសូមបង្ហាញជូនដោយសង្ខេបអំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានរួមគ្នា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
- ផ្នែកទី ២ ខ្ញុំសូមបង្ហាញពីចំណុចស្នូលសំខាន់ៗ នៃក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកប ដោយចីរភាព របស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសកម្ពុជា ២០២៤-២០២៨។
- និង ផ្នែកទី៣ ខ្ញុំសូមបង្ហាញពីបរិបទសម្រាប់ជំនួបពិភាក្សាថ្ងៃនេះ ដោយផ្តោតលើប្រធានបទវឌ្ឍនភាពឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច នាពេលខាងមុខ។
(សមិទ្ធផលគន្លឹះនៃការអនុវត្តក្របខ័ណ្ឌ UNDAF ឆ្នាំ២០១៩ - ២០២៣)
ក្នុងរយៈពេលប៉ុន្មានឆ្នាំឆ្ពោះទៅកាន់ ការរៀបចំក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិឆ្នាំ ២០១៩ - ២០២៣ យើងបានកត់សម្គាល់ឃើញថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាព សេដ្ឋកិច្ចដ៏ល្អប្រសើរ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ ហើយក៏មានការរីកចម្រើនលើ ការអភិវឌ្ឍធនធានមនុស្ស និងការកែទម្រង់អភិបាលកិច្ច។ ក៏ប៉ុន្តែ នៅឆ្នាំ២០១៩ ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅកៀកនឹងបន្ទាត់ភាពក្រីក្រ នៅមានចំនួនច្រើននៅឡើយ។ សេវាថែទាំសុខភាពសាធារណៈ និងការពង្រឹងស្ថាប័នសាធារណៈ ក៏ចាំបាច់ត្រូវលើកកម្ពស់បន្ថែមទៀត។ អាទិភាពរួមគ្នារបស់យើង គឺត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ដូច្នេះ តើយើងបានធ្វើរួមគ្នាអ្វីខ្លះ នាពេលកន្លងមក?
ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ទោះបីជាមានផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ ១៩ ជាសាកល ភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកឲ្យមានការបង្កើនឱកាសសង្គម សេដ្ឋកិច្ច ការបង្កើតបរិយាកាសកាន់តែមានសុវត្ថិភាព កាន់តែមានភាពរឹងមាំ និងកាន់តែមានសន្តិសុខជាងមុន ដោយរួមមានដូចជា៖
- ប្រជាជននៅកម្ពុជាបានទទួលផលពីការឆ្លើយតបរួមគ្នាយ៉ាងមានប្រសិទ្ធភាពចំពោះវិបត្តិកូវីដ ១៩
- អត្រាមរណៈភាពទារក ថយចុះពាក់កណ្តាល និងការទទួលបានអាហារូបត្ថម្ភ មានភាពប្រសើរឡើង បានកំពុងធ្វើឲ្យកុមារច្រើនជាងមុន អាចសម្រេចបានការលូតលាស់ប្រកបដោយសក្តានុពល ពេញលេញ។
- ផលប៉ះពាល់ដែលបង្កឡើងដោយសារជំងឺ និងការឈឺថ្កាត់នានា បានថយចុះ ឧទាហរណ៍ករណីជំងឺរបេង បានថយចុះ ១ ភាគ ៥ ហើយចាប់តាំងពីឆ្នាំ២០១៨មក ពុំមានការរាយការណ៍ពីករណីស្លាប់ដោយជំងឺគ្រុនចាញ់។ បន្ថែមលើនេះ ការស្លាប់ដោយជំងឺអេដស៍ បានថយចុះ១ភាគ៣។
- ការគ្របដណ្តប់សុខភាពជាសាកល មានភាពរីកចម្រើនជាងមុន ដោយសេវាសុខភាពមានការកើនឡើង និងការការពារផ្នែកហិរញ្ញវត្ថុ ក៏មានភាពប្រសើរឡើង។
- កុមារបានចូលរៀនកាន់តែច្រើនជាងមុន គ្រូបង្រៀនកាន់តែច្រើន បានទទួលការបណ្តុះបណ្តាល ហើយសាលារៀនកាន់តែច្រើន បានទទួលការបំពាក់សម្ភារៈកាន់តែប្រសើរ។
- ស្ត្រី និងក្មេងស្រី ទទួលបានសេវាគាំទ្រ និងសេវាឆ្លើយតប ចំពោះករណីអំពើហិង្សាផ្អែកលើយេនឌ័រ កាន់តែមានភាពល្អប្រសើរ។
- សំណាញ់សុវត្ថិភាពដែលផ្តល់ដោយប្រព័ន្ធគាំពារសង្គម កាន់តែមានភាពរឹងមាំ និងអាចទ្រទ្រង់ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេ បានកាន់តែច្រើនជាងមុន ដូចជា ក្រុមដែលមាន ឱកាសតិចតួច ដែលកំពុងធ្វើការនៅក្នុងវិស័យក្រៅប្រព័ន្ធ តួយ៉ាង ស្ត្រីដែលធ្វើការក្នុងវិស័យកម្សាន្តសប្បាយជាដើម។
- យុវជនមានការអភិវឌ្ឍន៍កាន់តែប្រសើរ ដើម្បីត្រៀមខ្លួនសម្រាប់ពេលអនាគត តាមរយៈការកើនឡើងនៃអត្រាចូលរៀន ការថយចុះអត្រាយុវជនដែលគ្មានការងារធ្វើ និងការបណ្ដុះបណ្ដាលជំនាញច្រើនជាងមុន។
- របៀបវារៈអាកាសធាតុ បានដាក់ចេញនូវគោលដៅប្រកបដោយមហិច្ឆតា ដោយមានការផ្ដោតការយកចិត្តទុកដាក់លើ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការបង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការការពារធនធានធម្មជាតិសំខាន់ៗ ដូចជា ធនធានព្រៃឈើ និងត្រី ជាដើម។
- កម្ពុជាបានបន្តសម្រេចបាននូវវឌ្ឍនភាពឆ្ពោះទៅ កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ ដោយមានខេត្ត ចំនួន ១៣ បានប្រកាសអស់មីននៅចុងឆ្នាំ២០២៣។
បន្ថែមលើនេះ ខ្ញុំសូមគូសបញ្ជាក់បន្ថែមពីការងារចំបងៗរបស់យើងរួមមាន អង្គការសហប្រជាជាតិ បានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងក្របខ័ណ្ឌគោលនយោបាយ ផែនការ និងច្បាប់ជាង ១៦០។ យើងបានផ្តល់យោបល់ស្រមតាមបទដ្ឋានអន្តរជាតិ និងការអនុវត្តល្អៗ ដូចជា សមធម៌យេនឌ័រ និងការលើកស្ទួយភាពអង់អាចរបស់ស្ត្រី ការមិនទុកនរណាម្នាក់ចោល និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាដើម។
នេះមិនមែនជាការសម្រេចបានជោគជ័យទាំងស្រុងនោះឡើយ។ អត្ថប្រយោជន៍ដែលមនុស្សមួយចំនួនបានទទួល មិនមែនមនុស្សទាំងអស់គ្នាសុទ្ធតែទទួលបាននោះឡើយ។ ដូចដែលមានចែងក្នុងអាទិភាពរបស់រាជរដ្ឋាភិបាល នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាថាកំណើនសេដ្ឋកិច្ចគឺមានចីរភាព ដែលមនុស្សគ្រប់រូបនៅកម្ពុជា ទទួលអត្ថប្រយោជន៍ កំណើនសេដ្ឋកិច្ច ដែលជួយឲ្យស្ត្រី និងក្មេងស្រី អាចសម្រេចបានសក្ដានុពលខាងសង្គម និងសេដ្ឋកិច្ចពេញលេញរបស់ពួកគេ កំណើនសេដ្ឋកិច្ចដែលមិនទុកនរណាម្នាក់ចោល ហើយកំណើនសេដ្ឋកិច្ចដែលបំពេញតួនាទីជាមូលដ្ឋានគ្រឹះពិតប្រាកដ ដើម្បីសម្រេចបាននូវសក្តានុពល វិបុលភាពប្រកបដោយតុល្យភាព និងបរិយាបន្នក្នុងរយៈពេលវែង។
(ចំណុចស្នូលសំខាន់ៗនៃក្របខ័ណ្ឌសហប្រតិបត្តិការ ឆ្នាំ២០២៤ - ២០២៨)
សម្ដេចធិបតីនាយករដ្ឋមន្ត្រីជាទីគោរព!
នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ យើងបានរួមគ្នារៀបចំក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤ - ២០២៨ ដែលលទ្ធផលរំពឹងទុករបស់ក្របខ័ណ្ឌសហប្រតិបត្តិការថ្មីនេះ គឺស្របតាមអាទិភាពជាតិ ដូចដែលបានដាក់ចេញនៅក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ក្របខ័ណ្ឌនេះ ផ្ដោតការយកចិត្តទុកដាក់លើវិស័យអាទិភាពចំនួន ៤ ខាងក្រោម៖
- ទី ១ ការអភិវឌ្ឍមនុស្ស ជាពិសេសការលើកកម្ពស់ស្ថានភាពសុខភាព អាហារូបត្ថម្ភ អប់រំ សមភាពយេនឌ័រ និងកិច្ចគាំពារសង្គម។
- ទី ២ បរិវត្តកម្មសេដ្ឋកិច្ច ធានាយ៉ាងណាឲ្យប្រជាពលរដ្ឋអាចរួមចំណែក ក្នុងវិស័យសេដ្ឋកិច្ចដែលមានភាពចម្រុះ មានភាពយុត្តិធម៌ មានលក្ខណៈក្នុងប្រព័ន្ធ និងបៃតង។
- ទី ៣ បរិស្ថាន ពង្រឹងការការពារធនធានធម្មជាតិ លើកកម្ពស់ការងារអភិរក្ស ការពារ ស្តារឡើងវិញ និងការបន្ស៊ាំទៅអាកាសធាតុ ដែលរួមានការត្រៀមបង្ការ/ការឆ្លើយតប ចំពោះស្ថានភាពអាសន្ន និងការផ្ដល់ព័ត៌មានជាមុន។
- និងទី ៤ បរិវត្តកម្មសង្គម ដែលធានាបាននូវបរិយាបន្ន សមភាព និងជាពិសេស សមភាពយេនឌ័រ ការបើកចំហ និងគណនេយ្យភាព ក្នុងការផ្តល់សេវាដល់ក្រុមដែលងាយរងគ្រោះជាងគេ។
ភាពជាដៃគូ គឺជាមូលដ្ឋានគ្រឹះនៅគ្រប់កម្រិតទាំងអស់នៃការងាររួមរបស់យើង។ ជារួម ទីភ្នាក់ងារមូលនិធិ និងកម្មវិធីអង្គការសហប្រជាជាតិ ចំនួន ២៦ បានចុះហត្ថលេខាបំពេញតួនាទី ជាដៃគូ នៅក្នុងក្របខ័ណ្ឌនេះ តាមរយៈកិច្ចសហការជាមួយគ្រប់ក្រសួងស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាល។ យើងក៏ទទួលស្គាល់នូវការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាដែលជាដៃគូដ៏សំខាន់ក្នុងការងាររួមរបស់យើង។ តាមរយៈភាពជាដៃគូ ដ៏ទូលំទូលាយបែបនេះហើយ ទើបយើងអាចគាំទ្រឲ្យមានកំណើន វិបុលភាព និងសន្តិសុខរយៈពេលវែងរបស់ប្រទេសកម្ពុជា។
លើសពីនេះ ខ្ញុំសូមបញ្ចាក់ថា ក្របខ័ណ្ឌសហប្រតិបត្តិការនេះ ក៏ត្រូវបានតម្រឹមឲ្យស្របជាមួយនឹងកំណែទម្រង់របស់អង្គការសហប្រជាជាតិ ដែលត្រូវបានផ្តល់អាណត្តិដោយរដ្ឋជាសមាជិក របស់អង្គការសហប្រជាជាតិ រួមមានទាំងប្រទេសកម្ពុជាផងដែរ។កំណែទម្រង់ទាំងនេះរួមមាន ការសម្រេចនូវរបៀបវារៈប្រសិទ្ធភាព និងការបង្កើតការិយាល័យរួមរបស់អង្គការសហប្រជាជាតិ (UN House) ដែលយើងបានដាក់សំណើរជូនកាលពីកំឡុងចុងឆ្នាំមុន។
(ការយកចិត្តទុកដាក់លើអនាគត – គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច)
សម្ដេចធិបតីនាយករដ្ឋមន្ត្រីជាទីជាទីគោរព!
ការពិនិត្យលើវឌ្ឍនភាពជាក់ស្តែង ក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពជាសាកល (SDGs) រំលេចឲ្យឃើញពីបញ្ហាប្រឈមជាច្រើនគួរឲ្យកត់សម្គាល់។ ទិន្នន័យនៅកម្រិតសាកលបង្ហាញថាមានគោលដៅ SDGs ប្រមាណតែ១៥% តែប៉ុណ្ណោះដែលនឹងអាចសម្រេចតាមផែនការ។ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ការប៉ាន់ប្រមាណមួយដែលធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយ គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិច នៃអង្គការសហប្រជាជាតិ(ESCAP) បង្ហាញថា អភិក្រម “ធ្វើការបែបធម្មតាដូចបច្ចុប្បន្ន” នឹងមិនជួយឲ្យយើងអាចសម្រេចគោលដៅ SDGs នៅត្រឹមឆ្នាំ ២០៣០ បានទេ តែយ៉ាងហោចណាស់ក៏នៅឆ្នាំ ២០៦២ ដែរ។
សម្រាប់ប្រទេសកម្ពុជា ការពិនិត្យឡើងវិញដោយស្ម័គ្រចិត្តនៅថ្នាក់ជាតិកាលពីឆ្នាំ ២០២៣ (2023 Voluntary National Review) ដែលដឹកនាំដោយរដ្ឋាភិបាល បានបង្ហាញពីវឌ្ឍនភាពវិជ្ជមានដែលកម្ពុជាសម្រេចបាននូវចំណុចដៅ SDG កម្ពុជា សំខាន់ៗមួយចំនួនដូចជា ការកាត់បន្ថយភាពក្រីក្រ និងការទទួលបានសេវាអប់រំជាសាកល នៅកម្រិតបឋមសិក្សាជាដើម។
បើទោះជា ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាំងនេះក៏ដោយ អភិក្រមធ្វើការងារតាមធម្មតាដូចបច្ចុប្បន្ន នឹងមិនជួយឲ្យយើងអាចសម្រេចរបៀបវារៈឆ្នាំ ២០៣០ បានឡើយ ហើយក៏មិនអាច ត្រួសត្រាយផ្លូវឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់បាននោះដែរ។ អាស្រ័យហេតុនេះ ជាសកល អង្គការសហប្រជាជាតិ បានដាក់ចេញនូវអាទិភាពចំនួន៦ ដើម្បីជួយជំរុញយ៉ាងខ្លាំងក្លាក្នុងការឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ (១) ប្រព័ន្ធស្បៀង, (២) ថាមពលកកើតឡើងវិញ, (៣) ការតភ្ជាប់ទំនាក់ទំនងឌីជីថល, (៤) ការអប់រំ, (៥) ការងារ និងកិច្ចគាំពារសង្គម, និង (៦) ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុល។
អង្គការសហប្រជាជាតិ បានដាក់បញ្ចូលអាទិភាពទាំងនេះ នៅក្នុងការងាររួមគ្នារបស់យើងនៅប្រទេសកម្ពុជា ហើយបន្ថែមលើអាទិភាពទាំង៦ខាងលើ យើងក៏បានប្ដេជ្ញាផ្ដោតការយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មទិន្នន័យ និងការឆ្លើយតបចំពោះអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ផងដែរ។
នេះមិនមែនជារបៀបវារៈថ្មីនោះឡើយ។ កំណែទម្រង់របស់អង្គការសហប្រជាជាតិដែល ជម្រុញដោយរដ្ឋជាសមាជិកនេះ បានធ្វើបរិវត្តកម្មរបៀបរបបធ្វើការងាររបស់យើង ដើម្បីជួយគាំទ្រកម្ពុជា បានកាន់តែប្រសើរខ្លាំង។ ការអនុវត្តដែលចាំបាច់ត្រូវធ្វើ នៅកម្រិតគោលនយោបាយចម្រុះ ដូចជា នៅក្នុង វិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថានជាដើម។ អង្គការសហប្រជាជាតិ នឹងផ្ដោតបន្ថែមលើ ការអភិវឌ្ឍគោលនយោបាយ ការកសាងសមត្ថភាពជាទ្រង់ទ្រាយធំ ការបង្កើនហិរញ្ញប្បទាន និងកិច្ចការដឹកនាំសម្របសម្រួលភាគីពាក់ព័ន្ធផ្សេងៗ ឲ្យបានកាន់តែញឹកញាប់ និងកាន់តែចំគោលដៅ ដើម្បីគាំទ្រការអនុវត្តនូវអាទិភាពរបស់រដ្ឋាភិបាល។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីជាទីគោរព!
ជំនួបពិភាក្សាថ្ងៃនេះ គឺនៅក្រោមប្រធានបទការចាកចេញពីក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួច និងផ្តោតលើអាទិភាពចំបងៗ ក្នុងការអភិវឌ្ឍជំនាញ និងអប់រំ។
មុនពេលចូលទៅដល់កិច្ចពិភាក្សាលើប្រធានបទខាងលើ មានបញ្ហាចំនួន២ ដែលគួរតែគូសបញ្ជាក់ផងដែរ ដោយសារ វាក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការចាកចេញពីក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួច ដោយជោគជ័យ និងសម្រាប់ប្រទេសកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០។
ទី ១ ការប្រែប្រួលអាកាសធាតុ អាចធ្វើឲ្យកំណើន GDP ប្រចាំឆ្នាំគិតជាមធ្យម ថយចុះ ១០% ត្រឹមឆ្នាំ២០៥០ និងបង្កើនអត្រានៃភាពក្រីក្រ ៦ ពិន្ទុភាគរយនៅឆ្នាំ២០៤០។
បន្ថែមពីលើការប្ដេជ្ញាចិត្តដ៏មានមហិច្ឆតាដែលរាជរដ្ឋាភិបាលបានលើកឡើងក្នុងកិច្ចប្រជុំCOP28 កាលពីឆ្នាំមុន វាជាការចំបាច់ក្នុងការកែសម្រួល ផែនការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា ដូចជា របាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ (NDC Update) ទៅតាមការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលផងដែរ។ ការធ្វើបច្ចុប្បន្នភាពឡើងវិញ នេះ គួរតែចប់សព្វគ្រប់ ក្នុងរយៈពេលមួយឆ្នាំខាងមុខឲ្យបានមុនកិច្ចប្រជុំ COP30 នៅឆ្នាំ២០២៥ នៅប្រទេសប្រេស៊ីល។ ហេតុដូច្នេះ សម្រាប់រយៈពេល១២ខែខាងមុខ ជាពេលដែលកម្ពុជានឹងត្រូវកំណត់ពីរប្រៀបវារៈ អាកាសធាតុ របស់ខ្លួនសម្រាប់ ៥ ឆ្នាំខាងមុខ ដែលជាលទ្ធផលនឹងកំណត់គន្លងឆ្ពោះទៅគោលដៅ ២០៥០។
ទី ២ អភិបាលកិច្ចល្អ និងការមិនទុកនរណាម្នាក់ចោល។ មានការនិយាយរិះគន់ជាច្រើន ដែលបានផ្តោតលើ បញ្ហាសិទ្ធិមនុស្សមួយចំនួននៅប្រទេសកម្ពុជា។ ការចូលរួមសហការជាវិជ្ជមាន ជាមួយនឹងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ការត្រួតពិនិត្យឡើងវិញតាមការកំណត់ជាសាកល (UPR) និងកិច្ចសហប្រតិបត្តិការក្នុងលក្ខណៈស្ថាបនា ជាមួយអង្គការសហប្រជាជាតិលើបញ្ហាសិទ្ធិមនុស្សជាច្រើន បង្ហាញថា នេះគឺជាធាតុផ្សំមួយដ៏សំខាន់សម្រាប់ភាពជាដៃគូ ដែលកំពុងបន្តមានរបស់យើង និងជាបុរេលក្ខខណ្ឌដ៏សំខាន់ ដើម្បីសម្រេចបានមហិច្ឆតា២០៥០។ អង្គការសហប្រជាជាតិ នៅតែបន្តប្ដេជ្ញាធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្សទាំងអស់ ដែលពាក់ព័ន្ធគ្នា រួមមាន សិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ សិទ្ធិពលរដ្ឋ និងនយោបាយ។
យើងខ្ញុំ សូមគូសបញ្ជាក់ជាថ្មីពីភាពជាដៃគូរបស់ អង្គការសហប្រជាជាតិ ជាមួយនឹងរាជរដ្ឋា ភិបាលកម្ពុជា ដើម្បីធ្វើការរួមគ្នាដោយមិនទុកនរណាម្នាក់ចោល។ កម្ពុជានឹងកាន់តែរឹងមាំ កាន់តែមានកំណើនលឿន កាន់តែមានសន្តិភាព និងកាន់តែមានភាពធន់ ប្រសិនបើ មនុស្សគ្រប់រូបនៅកម្ពុជាសុទ្ធតែទទួលបានប្រយោជន៍ និងអាចចូលរួមផ្តល់ជាមតិ ក្នុងការសម្រេចចិត្តអំពីអនាគតរបស់ប្រទេសខ្លួន។ ដើម្បីសម្រេចគោលដៅនេះ ខ្ញុំសូមលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចូលរបៀបវារៈ SDG ទាំងស្រុង ទៅក្នុងក្របខ័ណ្ឌជាតិរបស់កម្ពុជាកាន់តែច្រើនជាបន្តបន្ទាប់។
ដោយអនុលោមទៅតាមអាណត្តិរបស់អង្គការសហប្រជាជាតិ និងដោយផែ្អកលើអភិក្រមសិទ្ធិមនុស្ស និងអភិក្រមផ្អែកលើយេនឌ័រ យើងនៅតែបន្តផ្តោតលើការខិតខំរួមគ្នា សម្រាប់សហគមន៏ដែលងាយរងគ្រោះទាំងអស់ ដែលរួមមាន ជនមានពិការភាព ជនជាតិភាគតិច ជនជាតិដើមភាគតិច សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ជនភៀសខ្លួន ជនដែលអត់សញ្ជាតិ និងជនចំណាកស្រុក ដើម្បីធានាថាវិបុលភាពនាពេលអនាគតរបស់កម្ពុជាអាចសម្រេចបានសម្រាប់មនុស្សគ្រប់គ្នា។
បញ្ហានិងមហិច្ឆតាដូចដែលបានលើកឡើងខាងលើ គឺស្របជាមួយអាទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងនៅក្នុង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបន្តជួយគាំទ្រប្រទេសកម្ពុជាឲ្យអាចសម្រេចបានការបេ្តជ្ញាចិត្ត និងកាលានុវត្តភាពក្នុងក្របខ័ណ្ឌអន្តរជាតិ។ វាជាអាណត្តិរបស់អង្គការសហប្រជាជាតិ និងកិតិ្តយសរបស់យើង ក្នុងការគាំទ្ររាជរដ្ឋាភិបាលលើការខិតខំប្រឹងប្រែងនេះ។
(សេចក្ដីសន្និដ្ឋាន)
សម្ដេចធិបតីនាយករដ្ឋមន្ត្រីជាទីគោរព!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ជំនួបប្រចាំឆ្នាំនេះ នៅតែជាផ្នែកមួយដ៏សំខាន់សម្រាប់ភាពជាដៃគូ របស់អង្គការសហប្រជាជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ជំនួបនេះជាយន្តការដ៏សំខាន់ សម្រាប់ធានាឲ្យមានគណនេយ្យភាព ដោយធានាថា ប្រព័ន្ធអង្គការសហប្រជាជាតិ ពិតជាបានឆ្លើយតបតាមការរំពឹងទុក និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាដៃគូចម្បងរបស់ខ្លួន។
របៀបវារៈរួមគ្នារបស់យើងពិតជាមានមហិច្ឆតា និងមានលក្ខណៈសមស្រប។ បញ្ហាប្រឈមក្នុងការសម្រេចឲ្យបានចំណុចដៅទាំងនោះ គឺនឹងជួយធានាការអនុវត្តអាទិភាពរបស់រាជារដ្ឋាភិបាលកម្ពុជាឲ្យមានប្រសិទ្ធិភាព និង មានលទ្ធផលល្អ។ អង្គការសហប្រជាជាតិឈររួមគ្នាជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការគាំទ្រការសម្រេចបាននូវគោលដៅឆ្នាំ ២០៣០ និង២០៥០។ សូមសម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តជឿជាក់លើភាពជាដៃគូជាមួយយើង។
សូមអរគុណ!