សេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មាន៖ អ្នកជំនាញឯករាជ្យស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មកបំពេញ ទស្សនកិច្ចផ្លូវការ
19 July 2024
ក្រុងហ្សឺណែវ៖ (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤) - អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត ម៉ុនតាបន នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
លោក ម៉ុនតាបន នឹងធើ្វទស្សនកិច្ចនៅ ខេត្តរតនគិរី និងខេត្តកណ្តាល ដើម្បីប្រមូលព័ត៌មានប្រភពដើម នឹងជួបជាមួយតំណាងរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស សហគមន៍ជនជាតិដើមភាគតិច និង ជនជាតិភាគតិច និងប្រធានសហគមន៍។
នៅរាជធានីភ្នំពេញ អ្នករាយការណ៍ពិសេសនឹងជួបជាមួយតំណាងរដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយ សមាជិកសហគមន៍ការទូត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
អ្នករាយការណ៍ពិសេសនឹងបញ្ចប់ទស្សនកិច្ចរបស់លោកជាមួយនឹងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា វេលាម៉ោង ១៤:៣០នាទី នៅសណ្ឋាគារ សាន់វេភ្នំពេញ ផ្លូវលេខ ១ សង្កាត់វត្តភ្នំ។ សន្និសីទសារព័ត៌មាននេះ អនុញ្ញាតឱ្យចូលសម្រាប់តែក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ។
ចប់
--------
អ្នកជំនាញឯករាជ្យ៖ សាស្ត្រាចារ្យ វិទិត ម៉ុនតាបន ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងខែមីនា ឆ្នាំ២០២១។
អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យនិង ក្រុមការងារ គឺជាផ្នែកមួយដែលត្រូវបានគេស្គាល់ថាជា នីតិវិធីពិសេស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នីតិវិធីពិសេស ជាស្ថាប័នធំជាងគេរបស់អ្នកជំនាញឯករាជ្យនៅក្នុងប្រព័ន្ធសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ គឺជាឈ្មោះទូទៅនៃយន្តការស្វែងរកការពិត និងការត្រួតពិនិត្យឯករាជ្យរបស់ក្រុមប្រឹក្សា ដែលដោះស្រាយស្ថានភាពជាក់លាក់របស់ប្រទេសណាមួយ ឬបញ្ហាប្រធានបទនៅគ្រប់ផ្នែកនៃពិភពលោក។ អ្នកជំនាញ នៃនីតិវិធីពិសេសធ្វើការលើមូលដ្ឋានស្ម័គ្រចិត្ត។ ពួកគេមិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយមិនទទួលបានប្រាក់បៀវត្សរ៍សម្រាប់ការងាររបស់ពួកគេទេ។ ពួកគេ គឺឯករាជ្យពីរដ្ឋាភិបាល ឬអង្គការណាមួយ ហើយធ្វើការតាមសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ។
សម្រាប់ការសាកសួរពត៌មានទាក់ទងនឹងអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ សូមទាក់ទង Dharisha Indraguptha (dharisha.indraguptha@un.org) ឬ John Newland (john.newland@un.org)
តាមដានព័ត៌មានទាក់ទងនឹងអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់អង្គការសហប្រជាជាតិនៅលើ Twitter@UN_SPExperts